ប្រទេសធំ ៣ រួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ ជំនួសF-2 និងEurofighter Typhoons
តូក្យូ ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន អង់គ្លេស និងអ៊ីតាលី ព្រមព្រៀងពន្លឿនការអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ក្រោយរួមគ្នា ហើយបានប្រកាសថា អង្គភាពរដ្ឋាភិបាលត្រីភាគី នឹងត្រូវបង្កើតឡើងនៅចុងឆ្នាំ២០២៤ ដើម្បីធ្វើការជាមួយភាគីផលិតយន្តហោះជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។
យន្តហោះចម្បាំងបំបាំងកាយជំនាន់ក្រោយនេះ នឹងចូលខ្លួនមកជំនួសយន្តហោះចូលនិវត្តន៍ F-2 របស់ជប៉ុន ដែលខ្លួនបានបង្កើតរួមគ្នាជាមួយសហរដ្ឋអាមេរិក និងយន្តហោះចម្បាំង Eurofighter Typhoons ដែលចាប់ដៃផលិតជាមួយអង់គ្លេស អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់។
ប្រទេសយក្សទាំងបីបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០២២ ដើម្បីរួមគ្នាផលិតយន្តហោះចម្បាំងថ្មី ដែលនឹងត្រៀមដាក់ពង្រាយនៅឆ្នាំ២០៣៥ ស្ថិតក្រោមកម្មវិធី Global Combat Air Program ឬ GCAP សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ចំពេលប្រឈមមុខនឹងការគំរាមកំហែងខ្លាំងឡើងពីប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង។
ដើម្បីទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង និងចិន ប្រទេសជប៉ុនកំពុងពង្រីកភាពជាដៃគូការពារជាតិជាមួយបណ្តាប្រទេសនៅអឺរ៉ុប អាស៊ីអាគ្នេយ៍ និងឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងអូស្ត្រាលីផងដែរ។
បន្ថែមលើនេះ ជប៉ុនក៏បានចេញផ្សាយយុទ្ធសាស្ត្រសន្តិសុខជាតិកាលពីខែធ្នូឆ្នាំមុន ដែលនឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងក្នុងរយៈពេល ៥ឆ្នាំ ដែលនេះជាការបំបែកខ្លួនចេញពីគោលការណ៍ស្វ័យការពារក្រោយសង្គ្រាមរបស់ខ្លួន៕
ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា