អាចម៍ផ្កាយប៉ុនអគារ Eiffel Tower ហោះបោះពួយមកជិតផែនដីនៅឆ្នាំ ២០២៩

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) កំពុងរៀបចំផែនការទប់ទល់នឹងអាចម៍ផ្កាយដ៏ធំមួយ មានឈ្មោះថា Apophis ដែលកំពុងហោះបោះពួយសំដៅមកជិតផែនដីនៅឆ្នាំ ២០២៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space។

ដើម្បីត្រៀមខ្លួនទុកមុន ថ្មីៗនេះទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ទើបបានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃ ៦៨លានដុល្លារជាមួយ OHB Italia ដែលជាក្រុមហ៊ុនអវកាសអន្តរជាតិ ហៅកាត់ថា (IAC) ក្នុងគោលបំណងបង្កើតបេសកកម្មការពារភពផែនដីមួយ មានឈ្មោះថា Ramses។

បេសកកម្ម Ramses ដែលនឹងរត់ប្រណាំងពេលវេលានេះ នឹងត្រូវបើកដំណើរការនៅដើមឆ្នាំ២០២៨ ដើម្បីសិក្សាពីអាចម៍ផ្កាយ Apophis ឱ្យបានដិតដល់បំផុត នៅពេលដែលវាឆ្លងកាត់ផែនដីនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៩។

សារព័ត៌មាន The Economic Times បានឱ្យដឹងថា Apophis គឺជាថ្មអវកាសរាងដូចសណ្តែកដី ដែលលាតសន្ធឹងប្រវែង ៣៧៥ម៉ែត្រ ឬអាចប្រៀបធៀបទៅនឹងអគារ Eiffel Tower ដ៏ល្បីរបស់ប្រទេសបារាំង។

ទោះបីជាអាចម៍ផ្កាយនេះ មិនត្រូវបានគេចាត់ទុកថា ជា “ឃាតករភពផែនដី” ក៏ដោយ តែវាមានទំហំធំល្មមអាចបំផ្លាញទីក្រុងធំមួយ និងបង្កផលប៉ះពាល់ដល់អាកាសធាតុទូទាំងភពផែនដី ប្រសិនបើការវាយប្រហារវាកើតឡើង។

បើតាមសារព័ត៌មាន Bussiness today ក្រុមតារាវិទូរំពឹងថា អាចម៍ផ្កាយ Apophis នឹងឆ្លងកាត់ផែនដីដោយសុវត្ថិភាពនៅចម្ងាយតិចជាង ៣២,០០០គីឡូម៉ែត្រ ដែលតិចជាងមួយភាគដប់នៃចម្ងាយរវាងផែនដី និងភពព្រះចន្ទ នេះបើយោងតាមការបញ្ជាក់របស់អង្គការ NASA។

ទោះជាយ៉ាងណាក៏ដោយ ស្ថិតក្នុងចម្ងាយនេះគឺនៅជិតល្មម ដែលអាចប៉ះពាល់ដល់ផ្កាយរណបមួយចំនួន ដែលកំពុងធ្វើដំណើរជុំវិញផែនដីឆ្ងាយបំផុត។
គួរបញ្ជាក់ថា Ramses មិនមែនជាបេសកកម្មការពារផែនដីតែមួយគត់ ពីការវាយប្រហាររបស់អាចម៍ផ្កាយ Apophis នោះទេ។

យានអវកាស OSIRIS-REx របស់ NASA ត្រូវបានគេរំពឹងថា នឹងហោះទៅកៀកអាចម៍ផ្កាយ Apophis ពោលគឺប្រហែលមួយខែមុនពេលវាហោះសំដៅមកក្បែរផែនដី៕

ប្រភព៖ Space ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner