វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅស្រុកស្ទោង
កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកស្ទោងដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ ព្រមទាំងមន្រ្តីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
ថ្លែងក្នុងវេទិកាដែលបានប្រារព្ធកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា វេទិកាសាធារណៈនឹងជួយជំរុញដល់ការអនុវត្តតួនាទីភារកិច្ចនៃស្ថាប័នមានការពាក់ព័ន្ធ ,អាជ្ញាធរមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ទន្ទឹមនេះក៏ចូលរួមស្វែងយល់នូវតម្រូវការ,ចូលរួមដោះស្រាយសំណួរនិងសំណូមពរបស់ប្រជាពលរដ្ឋ សំដៅដោះស្រាយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាន់ពេលវេលា។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តបានបន្ថែមថា វេទិកាសាធារណៈនេះ ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ ដឹកនាំជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ។
សូមជម្រាបថា តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នា ពេលនេះក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន៧សំណួរ និងសំណូមពរសរសេរលាយលក្ខណ៍ជាអក្សរចំនួន ២៥សំណួរ ដោយផ្តោតទៅការងារ ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ) អត្តសញ្ញាណកម្ម (សៀវភៅគ្រួសារ) ,អគ្គិសនី , ប្រព័ន្ធធារាសាស្ត្រ ,ដីធ្លី (ដីស្រែប្រាំង និងតំបន់បី) ហើយត្រូវបានមន្រ្តីនៃមន្ទីរពាក់ព័ន្ធ ធ្វើការបកស្រាយ បំភ្លឺនិងដោះស្រាយជូនក្នុងពេលនេះដែរ៕
ដោយ៖ប៊ុន រដ្ឋា