នាំពូជស្រូវជិត២០០តោន ទៅចែកជូនកសិករជាងមួយពាន់គ្រួសារនៅខេត្តកំពង់ធំ ដើម្បីស្តារដំណាំស្រូវឡើងវិញ
កំពង់ធំ៖ជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅនេះ បានបណ្ដាលឱ្យដំណាំស្រូវរបស់កសិករជាងមួយពាន់គ្រួសារ នៅស្រុកចំនួនបួន នៃខេត្តកំពង់ធំរងការខូចខាត ហើយត្រូវស្តារឡើងវិញឱ្យបានទាន់ពេល។
រួមចំណែកជួយដល់កសិករចំនួន ១ ៤៨៨គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមការងារ កាលពីថ្ងៃទី២១ ខែតុលា បាននាំយកស្រូវពូជជិត ២០០តោន ជាជំនួយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅជូនកសិករអាទិភាពដែលមានដីស្រែអាចស្ដារឡើងវិញបានក្នុងស្រុកចំនួន ៤គឺ ស្រុកបារាយណ៍ សន្ទុក សណ្តាន់ និងស្រុកប្រាសាទសំបូរ ដើម្បីស្តារការដាំដុះឡើងវិញ ក្រោយពេលទឹកសម្រក ។
សូមជម្រាបថា ចាប់ផ្តើមមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីចុងខែកក្កដា មកបានធ្វើឱ្យភូមសាស្រ្តមួយចំនួននៃខេត្តកំពង់ធំ បានរងគ្រោះដោយជំនន់ទឹកភ្លៀង។ជំនន់នេះបានប៉ះពាល់ចំនួន៨ ក្រុង ស្រុក។បញ្ជាក់លើជំនួយពូជស្រូវ ឯកឧត្តមអភិបាលខេត្ត
បានបញ្ជាក់ថាការផ្តល់ស្រូវពូជពេលនេះសម្រាប់ស្រុកចំនួនបួនសិន ហើយស្រុកដែលនៅសល់ នឹងបន្តចែកនៅថ្ងៃបន្ទាប់។
ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា ទឹកជំនន់នេះមិនមែនប៉ះពាល់តែលើដំណាំត្រូវប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវជនបទ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត ។ កន្លងមករដ្ឋបាលខេត្តកំពង់ធំបានត្រៀមប្រចាំការ និងចុះពិនិត្យមើលទីតាំងដែលកំពុងតែប្រឈម និងរងគ្រោះទឹកជំនន់ជាប្រចាំ ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់សាធារណៈជន និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ដើម្បីឱ្យប្រជាជនមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុន៕
ដោយ៖ប៊ុនរដ្ឋា