Startup អាមេរិកលក់បង្គន់ AI វិភាគសុខភាព តម្លៃ៣០០ដុល្លារ

បរទេស៖ កាសែត New York Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា Startup ឬ ក្រុមហ៊ុនទើបចាប់ផ្តើមធុរកិច្ច ឈ្មោះ Throne ដែលផ្តោតលើផ្នែកសុខភាព មានមូលដ្ឋាន នៅទីក្រុង Austin រដ្ឋ Texas សរដ្ឋអាមេរិក បានបង្កើតកាមេរ៉ា AI ជាប់នឹងចានបង្គន់ ផ្តិតយករូបភាពលាមក ដើម្បីវិភាគពីសុខភាព របស់អ្នកប្រើប្រាស់ ដោយត្រូវបានដាក់លក់ ក្នុងតម្លៃជិត ៣០០ដុល្លារអាមេរិក។

ប្រភពថា ប្រព័ន្ធគ្របដណ្តប់លើសុខភាពពោះវៀន ដោយប្រើបញ្ញាសិប្បនិម្មិតនេះ អាចវិភាគកាកសំណល់ និងជាតិទឹក ផ្អែកលើការណែនាំពីគ្រូពេទ្យ។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា រូបភាពទាំងអស់ស្ថិតក្នុងភាពឯកជនរបស់អ្នកប្រើ ហើយ តាមរយៈកម្មវិធីស្មាតហ្វូនដែលភ្ជាប់ គេអាចស្នើសុំ ចូលប្រើទិន្នន័យ ឬ លុបវាចេញ ដោយព័ត៌មានទាំងអស់រក្សា ការណ៍សម្ងាត់ ដើម្បីសុវត្ថិភាព។

គេហទំព័ររបស់ Throne បានបញ្ជាក់ថា «ការតាមដានចលនាពោះវៀន អាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃ ចំពោះសុខភាពរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹម ហើយ ជាសញ្ញាព្រមាន ជាមុន សម្រាប់ករណីហូរឈាមក្រពះ ឬ ពោះវៀន ឬ ជំងឺក្រពះពោះ វៀនរ៉ាំរ៉ៃ ដើម្បីទទួលបានការព្យាបាល ទាន់ពេល។

កាមេរ៉ាបង្គន់ឆ្លាតវៃនេះ អាចបញ្ជាទិញបាន ក្នុងតម្លៃ ចន្លោះពី ២៩៩ដុល្លារ ដល់ ៤៩៩ដុល្លារ អាស្រ័យលើកម្រិតនៃការប្រើប្រាស់ នេះបើតាមកាសែត New York Post ដដែល។

គេហទំព័រ TechCrunch បានរាយការណ៍ថា ក្រុមហ៊ុន Throne ក៏កំពុងស្វែងរក បច្ចេកវិទ្យាសម្គាល់សុខភាព នៅក្នុងការបញ្ចេញទឹករំអិល ក៏ដូចជា នៅក្នុងទឹកនោម ដើម្បីកំណត់កម្រិតនៃជាតិទឹក របស់អ្នកជំងឺ ទៀតផង៕

ប្រភព៖ New York Post , ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner