ព្យុះ «ត្រាមី» វាយលុកវៀតណាម
បរទេស៖ កាសែត VNexpress បានចេញផ្សាយថា សិស្សានុសិស្ស ១០ម៉ឺននាក់ត្រូវបានបង្ខំចិត្ត ឲ្យស្នាក់នៅផ្ទះ ខកខានមិនបានចូលរៀន ខណៈដែលទឹកជំនន់បង្កឡើងដោយព្យុះ Trami បានវាយលុកភាគកណ្តាល ប្រទេសវៀតណាម។
គួររម្លឹកថា កាលពីខែកញ្ញា ព្យុះ Yagi បានសម្លាប់វៀតណាម ប្រមាណ៣០០នាក់ ខាតបង់សេដ្ឋកិច្ច ជាង៣ពាន់លានដុល្លារ នេះបើតាម VNexpress ដដែល។
កាលពីថ្ងៃចន្ទ សិស្ស១០ម៉ឺន នាក់នៅក្នុងខេត្ត Quang Binh និង Quang Tri ត្រូវបានប្រាប់ឲ្យនៅតែក្នុងផ្ទះ ខណៈដែលទឹកជំនន់ធ្ងន់ធ្ងរ លិចលង់សាលារៀន និងកាត់ផ្តាច់ផ្លូវនានា ទៅកាន់តំបន់សាលាជាច្រើន កន្លែង ក្នុងខេត្តទាំងពីរ រួមមានទាំងវិទ្យាល័យផងដែរ។
ប្រធានការិយាល័យនៃមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Quang Binh បាននិយាយថា សិស្សទាំងអស់ នៅក្នុងស្រុក Le Thuy និង Quang Ninh ត្រូវបានណែនាំឱ្យស្នាក់នៅផ្ទះ ក្រោមហេតុផល «សុវត្ថិភាព»។
គួររម្លឹកថា ព្យុះនេះបានសម្លាប់មនុស្សជាង១០០នាក់ នៅប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត