អាស៊ាន ៤ ប្រទេស ក្លាយជាដៃគូ BRICS

បរទេស៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងថៃ ដែលសុទ្ធសឹងតែជាប្រទេសអាស៊ីអាគ្នេយ៍ បានក្លាយជាប្រទេសដៃគូ របស់រដ្ឋ BRICS ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០៦ ហើយត្រូវបានដឹងថា ចិន និងរុស្ស៊ី ជារដ្ឋចូលរួមបង្កើតព្រមទាំង មាននិន្នាកា ទប់ទល់នឹងក្រុមប្រទេស លោកខាងលិច។

អ្នកវិភាគនិយាយថា ប្រទេសទាំងបួន ទំនងជាចង់ធ្វើពិពិធកម្ម «ពាណិជ្ជកម្ម និងទំនាក់ទំនងបរទេស»។ ទំហំសេដ្ឋកិច្ចរបស់ BRICS តំណាងឱ្យជាង ២៨.៥ ពាន់ពាន់លានដុល្លារអាមេរិក ឬ ប្រហែល២៨ភាគរយ នៃសេដ្ឋកិច្ចពិភពលោកសរុប។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X កាលពីពេលថ្មីៗនេះ គណនី @BRICSInfo បានរៀបរាប់ថា ប្រទេសចំនួន១៣ថ្មីៗ ត្រូវបានបញ្ចូល ទៅក្នុងសម្ព័ន្ធភាព ជាប្រទេស ដៃគូ។ ប្រទេស៩ផ្សេងទៀត ក្រៅពីប្រទេសអាស៊ានទាំង៤នេះ រួមមានប្រទេស អាល់ហ្សេរី, បេឡារុស្ស, បូលីវី, គុយបា, កាហ្សាក់ស្ថាន, នីហ្សេរីយ៉ា ,តួកគី, អ៊ូហ្គង់ដា និង អ៊ូសបេគីស្ថាន។

BRICS ត្រូវបានបង្កើតដំបូងឡើយ មានប្រទេសប្រេស៊ីល, តំណាងអក្សរ B, រុស្ស៊ី អក្សរ R, ឥណ្ឌា អក្សរ I និង ចិន អក្សរ C។ អាហ្រ្វិកខាងត្បូង ដែលតំណាងអក្ស S បានចូលរួមដែរ ក្នុងឆ្នាំ ២០១០ ហើយអេហ្ស៊ីប, អេត្យូពី, អ៊ីរ៉ង់ និងអេមីរ៉ាត អារ៉ាប់រួម បានក្លាយជាសមាជិក BRICS នៅឆ្នាំ២០២៤នេះ។

កិច្ចប្រជុំកំពូល BRICS ប្រចាំឆ្នាំទើបបានប្រព្រឹត្តទៅ នៅទីក្រុង Kazan ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែតុលា។

អ្នកវិភាគហានិភ័យនយោបាយឯករាជ្យ លោក Halmie Azrie បានប្រាប់កាសែត CNA ថា ទំនងជាសមាជិកអាស៊ានទាំងបួននេះ ចង់បង្កើនឱកាសពាណិជ្ជកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងបរទេស ចំពេលមានភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបាយ និងសង្រ្គាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា។

រីឯ លោកបណ្ឌិត Oh Ei Sun អ្នកជំនាញជាន់ខ្ពស់ នៅវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី បាននិយាយថា ជាកត្តារួមផ្សំមួយទៀត គឺដោយរដ្ឋទាំងនេះសង្ឃឹមថា នឹងទទួលបានលក្ខខណ្ឌពាណិជ្ជកម្ម និងការវិនិយោគកាន់តែប្រសើរឡើង ជាមួយប្រទេសចិន ខណៈដែលចិន គឺជាកម្លាំងជំរុញសម្រាប់ BRICS៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner