កាសែតល្បីអាមេរិក ៖ លោក Musk និង Putin ទាក់ទងគ្នាទៀងទាត់ តាំងពីឆ្នាំមានសង្គ្រាម
បរទេស៖ អ្នកនយោបាយ និងជាអ្នកគ្រប់គ្រង ទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Nelson បានអំពាវនាវឱ្យមានការស៊ើបអង្កេត លើរបាយការណ៍របស់កាសែតល្បីអាមេរិក Wall Street Journal ដែលបង្ហាញថា ស្ថាបនិក ក្រុមហ៊ុន SpaceX លោក Elon Musk និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មាន «ទំនាក់ទំនងជាទៀងទាត់» ជាមួយគ្នា ចាប់តាំងពីចុងឆ្នាំ២០២២ ដែលជាឆ្នាំផ្ទុះសង្គ្រាមនៅប្រទេស អ៊ុយក្រែន។
របាយការណ៍និយាយថា លោក នាយកប្រតិបត្តិ ក្រុមហ៊ុនឡានអគ្គិសនី Tesla រូបនេះ បានពិភាក្សាលើ ប្រធានបទផ្ទាល់ខ្លួន, ធុរកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយ ជាមួយមេដឹកនាំរុស្សី ធ្វើឱ្យមានការព្រួយបារម្ភអំពីសន្តិសុខជាតិ ខណៈដែលទំនាក់ទំនងរបស់ SpaceX ជាមួយ NASA និង យោធាអាមេរិក ប្រហែលជាបានផ្តល់សិទ្ធិ ឱ្យ លោក Musk អាចចូលទៅកាន់ ព័ត៌មានរសើប របស់រដ្ឋាភិបាល និងការស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក។
លោក Nelson បានប្រាប់ថា « ខ្ញុំគិតថា គួរតែត្រូវបានស៊ើបអង្កេត..ប្រសិនបើរឿងនោះ ជាការពិត ខ្ញុំគិតថា វានឹងពាក់ព័ន្ធ ជាពិសេស សម្រាប់ NASA, សម្រាប់ក្រសួងការពារជាតិ និង សម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ មួយចំនួន»។
យ៉ាងណាមិញ លោក Musk មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN នៅឡើយទេ គិតត្រឹមចុងសប្តាហ៍មុន។ តែ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា Musk និងលោក Putin បានហៅទូរស័ព្ទរកគ្នា តែមួយលើកគត់ ដោយបានពិភាក្សាអំពី «វិស័យលំហអាកាស ក៏ដូចជា បច្ចេកវិទ្យា បច្ចុប្បន្ន និងអនាគតកាល»។
អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បាននិយាយថា លោកបានឃើញរបាយការណ៍នេះ ប៉ុន្តែ សេតវិមាន «មិនមានជំហរ ក្នុងការបញ្ជាក់» ហើយបានពន្យារពេល ទៅសាកសួរលោក Musk ជាមុនសិន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណវិញ បានប្រាប់កាសែត Journal ថា ក្រសួងការពារជាតិ មិនធ្វើអត្ថាធិប្បាយ លើស្ថានភាពរបស់បុគ្គលណាមួយ ឬ របាយការណ៍អំពីសកម្មភាពរបស់បុគ្គលនោះទេ៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត