កម្ពុជា-កាហ្សាក់ស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសាទរចំពោះការបើកឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថាន ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងកាលានុវត្តភាពធុរកិច្ចសម្រាប់ប្រទេសទាំងពីរ។
ភាគីទាំងពីរបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួម ក្នុងការជំរុញក្របខណ្ឌកិច្ចពិគ្រោះយោបល់ទ្វេភាគី ដែលជាវេទិកាយុទ្ធសាស្ត្រមួយបង្កើតឡើងសម្រាប់ជំរុញកិច្ចសន្ទនាជាបន្តបន្ទាប់ និងបើកចំហ ព្រមទាំងដើម្បីពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។ ភាគីទាំងពីរ ក៏មានបំណងស្វែងរកសក្តានុពលថ្មី សម្រាប់វិស័យពាណិជ្ជកម្ម ជាពិសេសវិស័យកសិកម្ម។
ទន្ទឹមនេះ ភាគីទាំងពីរក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសក្នុងក្របខណ្ឌអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA) ៕
ដោយ/សួង ពិសិដ្ឋ