ក្រសួងយុត្តិធម៌ និងមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរអាល្លឺម៉ង់ប្រចាំកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាលើវិស័យច្បាប់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌និងមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរអាល្លឺម៉ង់ប្រចាំកម្ពុជា (KAS) នៅទីស្តីការក្រសួងយុត្តិធម៌។
អនុស្សរណៈនៃការយោគយល់គ្នាដែលចុះហត្ថលេខាក្នុងសប្ដាហ៍នេះ មានគោលដៅរួមពាក់ព័ន្ធនឹងការលើកកម្ពស់នីតិរដ្ឋ សិទ្ធិទទួលបានយុត្តិធម៌ ជំនួយផ្នែកច្បាប់ និងការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
តាមរយៈអនុស្សរណៈនឹងមានសកម្មភាពសំខាន់ៗមួយចំនួន ដូចជា ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌, ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ, ជំនួយផ្នែកច្បាប់និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ,ការរៀបចំសិក្ខាសាលាផ្សេងៗលើប្រធានបទពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជំនួយផ្នែកច្បាប់ និង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ,ការគាំទ្រលើការស្រាវជ្រាវ និងបោះពុម្ភផ្សាយឯកសារច្បាប់ និងយុត្តិធម៌ ពាក់ព័ន្ធនឹងសិទ្ធិទទួលបានយុត្តិធម៌ ជំនួយផ្នែកច្បាប់ និង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃសិទ្ធិទទួលបានយុត្តិធម៌ ជំនួយផ្នែកច្បាប់ និង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈឯកសារព័ត៌មាន ដូចជា ខិតបណ្ណ, កូនសៀវភៅ និង/ឬតាមប្រព័ន្ធអនឡាញជាដើម៕
ដោយ៖មុនី