ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យុវជនត្រូវកសាងខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់បម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) និងគណៈប្រតិភូវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យយុវជនទាំងអស់ ត្រូវកសាងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សំរាប់បម្រើប្រទេសជាតិ និងប្រជាជន។
តំណាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន( SSEAYP) បានឱ្យដឹងថា ជំនួបនាពេលនេះគឺដើម្បីទទួលបានអនុសាសន៍ល្អៗពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សំរាប់ជាមូលដ្ឋានគ្រឹះក្នុងការចូលរួមកម្មវិធី SSEAYP ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដោយត្រូវធ្វើដំណើរទៅកាន់ប្រទេសចំនួន៣ គឺប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងវៀតណាម។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចែករំលែកបទពិសោធន៍អំពីប្រវត្តិនៃការសិក្សាតាមដំណាក់កាលនីមួយៗរបស់ឯកឧត្តមផ្ទាល់ និងការខិតខំប្រឹងប្រែងកំណត់គោលដៅឱ្យបានជាក់លាក់ ដើម្បីសម្រេចបានជោគជ័យក្នុងការសិក្សា និងដើម្បីជាទុនសំរាប់យុវជនត្រិះរិះពិចារណា និងទុកធ្វើជាបទពិសោធន៍សម្រាប់តម្រង់ទិសក្នុងការសិក្សាឱ្យទទួលបានជោគជ័យ។
ក្នុងនាមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមហ៊ុនម៉ានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នករៀបចំមុខងារសាធារណៈធនធានមនុស្ស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយុវជនទាំងអស់ត្រូវកសាងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងត្រូវរួមគ្នាសម្លឹងឆ្ពោះទៅមុខថាតើយើងទាំងអស់គ្នាត្រូវធ្វើអ្វីខ្លះ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់រូបទាំងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងនូវគំនិតមួយសម្រាប់យុវជនពិចារណាគឺកុំគិតពីលទ្ធផលសកម្មភាព ប៉ុន្តែគួរគិតអំពីប្រយោជន៍ដែលទទួលបានមកវិញ ដើម្បីឱ្យដំណើរជីវិតឆ្ពោះទៅមុខមានភាពរលូន និងមិនមានភាពស្មុគស្មាញ ជាពិសេសត្រូវចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងកុំធ្វើសកម្មភាពណាដែលនាំឱ្យបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ ៕
ដោយ / គ្រី សម្បត្តិ