ឆ្នាំក្រោយ ក្រុមហ៊ុនរកស៊ីផ្លូវអាកាសរបស់ពិភពលោកអាចធ្លាក់ប្រាក់ចំណូល

ប៉ារីស : ការកើនឡើងតម្លៃខ្សែសង្វាក់ផ្គត់ផ្គង់នៅតែរារាំងឧស្សាហកម្មអាកាសចរណ៍ ពីការស្រូបទាញប្រាក់ចំណូល បើទោះបីជាក្រុមហ៊ុនអាកាសចរណ៍សមតែចំណេញច្រើន ចំពេលតម្លៃប្រេងចុះថោករហូតដល់ឆ្នាំក្រោយក៏ដោយ។ នេះបើតាមការបញ្ជាក់របស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ហៅកាត់ (IATA) ដកស្រង់ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។

អនុប្រធានជាន់ខ្ពស់ផ្នែកនិរន្តរភាព និងជាប្រធានសេដ្ឋវិទូរបស់ IATA លោកស្រី Marie Owens Thomsen និយាយថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍នៅឆ្នាំក្រោយគួរតែប្រសើរឡើង ដោយសារតម្លៃប្រេង និងប្រេងយន្តហោះធ្លាក់ចុះ។

លោកស្រី Thomsen បន្ថែមថា តម្លៃប្រេងពិភពលោកបានធ្លាក់ចុះខ្លាំងមកនៅត្រឹមតិចជាង ៨០ដុល្លារក្នុងមួយបារ៉ែល ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាក្រុមហ៊ុនរកស៊ីផ្លូវអាកាស។

ទីផ្សារប្រេងស្ថិតក្នុងចំណោមទីផ្សារដ៏រសើបបំផុតរបស់ពិភពលោក ហើយមានភាពប្រែប្រួលខ្លាំង ដោយសារតែកត្តាជម្លោះភូមិសាស្ត្រនយោបាយ និងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលជាកត្តាចម្បងទាញទម្លាក់តម្លៃ និងកាត់បន្ថយការផលិតប្រេងពិភពលោក។

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ព្យាករណ៍ថា ប្រាក់ចំណេញសុទ្ធជាមធ្យមរបស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២៤នេះ ស្ថិតនៅកម្រិត ៣.១% ឬ ៦.១៤ដុល្លារសម្រាប់អ្នកដំណើរម្នាក់។

តួលេខនេះ កើនលើសពីកម្រិតក្នុងឆ្នាំ ២០១៩ ដែលប្រាក់ចំណេញសុទ្ធមានចំនួន ៣.១% ឬ ៥.៨០ដុល្លារសម្រាប់អ្នកដំណើរម្នាក់។ ប្រាក់ចំណេញសុទ្ធអតិបរមាដែលឧស្សាហកម្មអាកាសចរណ៍រកបានពីមុន គឺចន្លោះពី ៥ដល់៦%។

យ៉ាងណា បច្ចុប្បន្នឧស្សាហកម្មអាកាសចរណ៍កំពុងប្រឈមមុខនឹងការឡើងថ្លៃផ្សេងទៀតជំនួសវិញ រួមទាំងកម្លាំងពលកម្មខ្ពស់ ការថែទាំ និងគ្រឿងបន្លាស់ ហើយថែមទាំងប្រឈមនឹងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ៕

ប្រភព : បាងកកប៉ុស្តិ៍ ប្រែសម្រួល : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner