ម៉ាឡេស៊ីប្ដេជ្ញាទាញប្រទេសចេញពីទីតាំងឃ្លាំងសំរាមរបស់ពិភពលោក
គូឡាឡាំពួរ : រដ្ឋាភិបាលម៉ាឡេស៊ីសន្យារារាំងប្រទេសខ្លួនមិនឱ្យក្លាយជាទីតាំងបោះចោលសំរាម ពិភពលោកតទៅទៀត បើទោះបីជាប្រទេសអាស៊ានមួយនេះ នៅតែជាអ្នកនាំចូលកាកសំណល់ប្លាស្ទីកធំជាងគេទីពីរពីសហភាពអឺរ៉ុប។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មាន DW។
រដ្ឋអាស៊ីអាគ្នេយ៍បាននាំចូលកាកសំណល់លោហៈធាតុ ក្រដាស និងប្លាស្ទិកជាង ១០០លានតោនក្នុងមួយឆ្នាំ ដែលមានតម្លៃជាង ៥១ពាន់លានដុល្លារនៅចន្លោះឆ្នាំ ២០១៧ និង ២០២១ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយក្នុងឆ្នាំ ២០២៤។
នៅពេលចិនហាមឃាត់ការនាំចូលកាកសំណល់ប្លាស្ទិក និងសម្ភារៈផ្សេងទៀតចាប់ពីឆ្នាំ ២០១៨មក ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនបានជួបប្រទះនឹងការកើនឡើងនៃការនាំចូល។ តួយ៉ាង នៅឆ្នាំ ២០២១ ម៉ាឡេស៊ីបានក្លាយជាប្រទេសនាំចូលកាកសំណល់ប្លាស្ទិកដ៏ធំមួយរបស់ពិភពលោក។
យ៉ាងណា រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាក់ជាច្រើនឆ្នាំមកហើយថា ខ្លួនចង់កាត់បន្ថយការនាំចូលកាកសំណល់ ប៉ុន្តែមិនបានហាមឃាត់ជាផ្លូវការ មិនដូចប្រទេសជិតខាងមួយចំនួននោះទេ។
យោងតាមទិន្នន័យរបស់ស្ថាប័ន Eurostat បានឱ្យដឹងថា ចំនួនកាកសំណល់ប្លាស្ទិកដែលនាំចូលពីសហភាពអឺរ៉ុបបានកើនឡើង ៣៥% កាលពីឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២។
សហភាពអឺរ៉ុបក៏បាននាំចេញក្រដាស ប្លាស្ទិក និងកញ្ចក់ចំនួន ៨.៥លានតោនក្នុងឆ្នាំ ២០២៣ ហើយច្រើនជាង១ភាគ៥បានកំណត់គោលដៅចោលសំរាមទាំងនោះទៅកាន់ប្រទេសម៉ាឡេស៊ី។ ប្រទេសឥណ្ឌូនេស៊ី និងវៀតណាមក៏ជាប្រទេសនាំចូលកាកសំណល់ដ៏ធំរបស់អឺរ៉ុបផងដែរ។
ស្របពេលដែល ៩០%នៃកាកសំណល់របស់អឺរ៉ុបត្រូវបានគេមើលឃើញថា អាចយកកែច្នៃឡើងវិញបាន ដូច្នេះហើយការនាំចេញបានកើនឡើងដល់ទៅ ៧២% ចាប់តាំងពីឆ្នាំ ២០០៤ នេះបើយោងតាមតួលេខពីគណៈកម្មការអឺរ៉ុប។
យ៉ាងណា សហភាពអឺរ៉ុបបានយល់ព្រមហាមឃាត់ការនាំចេញកាកសំណល់ប្លាស្ទិកទៅកាន់ប្រទេសក្រៅអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ហៅកាត់ (OECD) រួមទាំងម៉ាឡេស៊ី ដោយចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៦។
វិធានការនេះមានគោលបំណងការពារវត្ថុធាតុដូចជាប្លាស្ទិក ឬសារធាតុគីមី ពីការបញ្ជូនទៅកាន់ប្រទេសដែលមិនអាចកែច្នៃវាប្រើប្រាស់ឡើងវិញឱ្យបានត្រឹមត្រូវ៕
ប្រភព : DW ប្រែសម្រួល : ឈឹម ទីណា