“មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពាសង្គមនិងថ្នាលគាំពារសង្គមឌីជីថលក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប” ត្រូវបានសម្ពោធាក់ឱ្យដំណើរការ

(ភ្នំពេញ)៖ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញ​ជា​អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាក់ឱ្យដំណើរការ «មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពាសង្គម និងថ្នាលគាំពារសង្គមឌីជីថលក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប» នៅសាលាខេត្ត​កំពង់ចាម នៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា គ.ស ២០២៤ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធ, តំណាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត, និងដៃគូអភិវឌ្ឍន៍នានា។

ការដាក់ឱ្យដំណើរការ “មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពាសង្គម និងថ្នាលគាំពារសង្គម​ឌីជីថល ក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប” នៅពេលនេះជាបង្គោលចរណ៍មួយ​ដ៏សំខាន់​នៃដំណើរបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីផ្ដល់ភាព​ងាយ​ស្រួលដល់រដ្ឋបាល/ឃុំសង្កាត់ និងដើម្បីធ្វើឱ្យការបើកផ្ដល់អត្ថប្រយោជន៍​គាំពារសង្គមដល់ពលរដ្ឋគោលដៅ បានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ២០២៤-២០២៨ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មឌីជីថល​ក្នុង​ប្រព័ន្ធគាំពារសង្គមកម្ពុជា ជាពិសេសអនុត្រឹត្យស្ដីពីការធ្វើសុខដុម-នីយកម្មប្រព័ន្ធ​ចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម។

ថ្នាលគាំពារសង្គមឌីជីថល ជាថ្នាលឌីជីថលរួម ដែលមានលក្ខណៈសមាហរ័ណ និងត្រូវបានអភិវឌ្ឍ សម្រាប់ធ្វើអន្តរប្រតិបត្តិការក្នុងការចុះបញ្ជី និងផ្ទៀងអត្ត​សញ្ញាណ​ប្រជាជនគោលដៅ និងអត្ថគាហកក្នុងប្រព័ន្ធគាំពារសង្គម ជាមួយនឹង​មុខងារ​សំខាន់ៗ ដូចជាការចុះបញ្ជីអត្តសញ្ញាណរួម, ការចុះបញ្ជីទៅក្នុង​កម្មវិធី​ជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម, ផ្ទៀងអត្តសញ្ញាណ និងសិទ្ធិនៃប្រជាជន​គោលដៅ និងអត្ថគាហក, ធ្វើយថាភូតកម្មដោយប្រើប្រាស់ទិន្នន័យជីវមាត្រ, និង​មុខងារពិនិត្យ និងតាមដានទិន្នន័យស្ទួន ដោយធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធ​ចុះបញ្ជីនីមួយៗ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ជាមូលដ្ឋានផ្លាស់ប្ដូរទិន្នន័យចុះបញ្ជីគោលមួយដែលមានតួនាទី ក្នុងការបើកគន្លងអន្តរប្រតិបត្តិការ រវាងមូលដ្ឋានទិន្នន័យរបស់ប្រតិបត្តិករជំនួយសង្គម និងសន្តិសុខសង្គមទាំងអស់ ដែលអនុញ្ញាតឱ្យមានការធ្វើសមកាលកម្ម, បច្ចុប្បន្នកម្ម, និងផ្លាស់ប្តូរទិន្នន័យជាប្រព័ន្ធអេកូឡូស៊ីរួម ដោយរួមបញ្ចូលនូវទិន្នន័យប្រជាសាស្ត្រ, ជីវមាត្រ, និងស្ថានភាពសង្គម-សេដ្ឋកិច្ច។ មុខងារទិន្នន័យចុះបញ្ជីគាំពារសង្គមនេះ ផ្តល់នូវលេខសម្គាល់គាំពារសង្គមតែមួយគត់ចំនួន ១០ខ្ទង់ ដោយស្វ័យប្រវត្តិសម្រាប់ទិន្នន័យអត្តសញ្ញាណនីមួយៗ។

បច្ចុប្បន្ន, មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និង ថ្នាលគាំពារសង្គមឌីជីថល​កំពុង​មាន​ការចូលរួមអនុវត្តដោយ នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ​នៃក្រសួង​ផែន​ការ, បេឡាជាតិសន្តិសុខសង្គម, ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, មូលនិធិជាតិ​ជំនួយ​សង្គម, និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ។
ជាមួយ​នឹង​ការដាក់ឲ្យដំណើរការនេះ, លោកជំទាវរដ្ឋលេខាធិការ បានថ្លែងថា ការដាក់ឱ្យដំណើរការ នៅពេលនេះ ជាការបោះជំហានថ្មីមួយដ៏សំខាន់ក្នុងដំណើរ​នៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ក្រោមការដឹកនាំ និងចង្អុលបង្ហាញ​ដោយផ្ទាល់ និងជាបន្តបន្ទាប់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា​ជាតិគាំពារសង្គម ព្រមទាំងដោយមានការចូលរួមសហការអនុវត្ត ប្រកបដោយ​ស្មារតីបុរេសកម្មរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, និងគ្រប់តួអង្គពាក់ព័ន្ធ។

លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ជាមួយនឹងវឌ្ឍនភាពនេះ កម្ពុជា​នឹងមាន​មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គមមួយ ដែលមានសមត្ថភាពគ្រប់គ្រង​សភាព​ការណ៍​ទល់នឹងវិបត្តិនានាបានយ៉ាងល្អប្រសើរ និងកាត់បន្ថយកម្ម​វិបាកអវិជ្ជ​មាន​ឱ្យនៅក្នុងកម្រិតអាចគ្រប់គ្រងបាន តាមរយៈការដាក់ចេញនូវ​វិធានការអន្ត​រាគមន៍ចាំបាច់នានា ប្រកបដោយជោគជ័យ, ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាពខ្ពស់។ ទន្ទឹមនេះ, កិច្ចការ បរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារ​សង្គមក៏បាន និងកំពុងរួម​ចំ​ណែក​គាំទ្រយ៉ាងសំខាន់ ដល់ការអនុវត្តកម្មវិធី​ជាតិជំនួយសង្គម និងរបបសន្តិសុខ​សង្គម នានាប្រកបដោយបរិយាបន្ន, តម្លាភាព, ប្រសិទ្ធភាព, ស្វ័យប្រវត្តិកម្ម, និងទាន់ពេល។

ភ្ជាប់ជាមួយសមិទ្ធផលនេះ, លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត និង​ផ្តល់អនុសាសន៍ ដល់ក្រសួង-ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធនឹង​ការអនុវត្ត​គោល​នយោបាយជាតិគាំពារសង្គម ឱ្យបន្តចលនាការនៃកិច្ចសហការចូលរួមប្រើប្រាស់ មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថល ដើម្បីបម្រើ​ដល់ការចុះបញ្ជី និងកាត់បន្ថយបន្ទុក និងសម្ពាធរបស់មន្ត្រីមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលជាអ្នកអនុវត្តជាមួយនឹងឌីជីថលូបនីយកម្មពេញលេញ ដើម្បីបង្កើនប្រសិទ្ធភាព និងពង្រីកវិសាលភាពបន្ថែម ជាជំហានៗ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានប្រកាសផ្តល់ជូននូវឧបករណ៍សម្ភារៈឌីជីថលចំនួន ១ឈុត សម្រាប់ ឃុំ/សង្កាត់ ចំនួន ២២ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម និងក្រុង​សៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមគាំទ្រពីកម្មវិធីអភិវឌ្ឍន៍​សហប្រជា​ជាតិ (UNDP), មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF), និងទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។

ឧបករណ៍សម្ភារៈឌីជីថលទាំងនេះ នឹងបម្រើដល់ការគាំទ្រការអនុវត្តមូលដ្ឋាន​ទិន្នន័យ​ចុះប​ញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថល ក៏ដូចជាបម្រើ​ដល់​ការផ្ដល់​សេវា​សាធារណៈជូនពលរដ្ឋ នៅតាមឃុំសង្កាត់នីមួយៗ។

ជាទីបញ្ចប់, លោកជំទាវរដ្ឋ​លេខាធិការ បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរដ្ឋបាលឃុំសង្កាត់ និងដៃគូអភិវឌ្ឍន៍នានា ដែលតែងតែសហការ និងគាំទ្រកិច្ចការដ៏មានសារៈ​សំខាន់នេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹម​ត្រូវប្រកបដោយ​ថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner