លោកជំទាវបណ្ឌិត Bärbel Kofler ៖កម្ពុជាបានផ្តោតការយកចិត្តដាក់យ៉ាងខ្លាំង​ចំពោះការគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋ ជាពិសេសកម្រិតប្រាក់ឈ្នួលអប្បបរមា

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត Bärbel Kofler បានមើលឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តោតការយកចិត្តដាក់យ៉ាងខ្លាំងចំពោះការគាំពារសង្គម​សម្រាប់ប្រជា​ពលរដ្ឋ ជាពិសេសកម្រិតប្រាក់ឈ្នួលអប្បបរមា ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដោយបច្ចុប្បន្នកម្រិតប្រាក់ឈ្នួលអប្បរមា នៅកម្ពុជាក៏ខ្ពស់ជាងបណ្តាប្រទេសមួយ​ចំនួន​នៅក្នុងតំបន់ផងដែរ។ លោកជំទាវ ក៏ចាប់អារម្មណ៍ផងដែរ លើវិស័យបណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាពិសេសការ​អភិវឌ្ឍជំនាញ​ដែលជាកត្តាសំខាន់សម្រាប់វិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជាបាន​និង​កំពុង​យកចិត្តទុកដាក់យ៉ាងខ្លាំងលើការគាំពារសង្គម ជាពិសេសការគាំពារតាម​រយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលមិនត្រឹមតែសម្រាប់កម្មករ និយោជិតប៉ុណ្ណោះទេ គឺសម្រាប់ប្រជាពលរដ្ឋ បុគ្គលស្វ័យនិយោជន៍ អ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ។

ការលើកឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជា​មួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវបណ្ឌិត បាប៊ែល កូហ្លឺ (Bärbel Kofler) រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការ​សេដ្ឋ​កិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ឯកឧត្តម រដ្ឋមន្រ្តី បន្ថែមថា ចំពោះវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សាសម្រាប់ TVET ផ្តោត​សំខាន់​ទៅលើការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញជាច្រើន ជាពិសេសជំនាញ​មេកានិក មេកាត្រូនិក ផ្នែកយានយន្ត ជាដើមដែលមានវិទ្យាស្ថានបច្ចេកទេសនានា ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត កំពុងផ្តល់ការបណ្តុះបណ្តាលចាប់​ពីកម្រិតវិញ្ញាបនបត្រ ឌីប្លូម៉ា និងឧត្តមសិក្សា។

ឯកឧត្តម ហេង សួរ បានថ្លែងការអរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងជួយ​គាំទ្រដល់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេសតាមរយៈអង្គការ​អភិវឌ្ឍន៍​អន្តរជាតិអាល្លឺម៉ង់ (GIZ) លើកិច្ចការងារអធិការកិច្ចក្នុងវិស័យការងាររបស់កម្ពុជា អនុលោ​មទៅនឹងអង្គការអន្តរជាតិខាងការងារ (ILO)។ ទន្ទឹមនេះ អង្គការ GIZ ក៏បាន​គាំទ្រដល់វិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងខេត្តបាត់ដំបងផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចរបស់លោកជំទាវបណ្ឌិត Bärbel Kofler មកកម្ពុជានាពេលនេះនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការ​ទ្វេភាគីកាន់តែមានភាពល្អប្រសើរថែមទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner