ចៅក្រមអាមេរិកបណ្តោយឲ្យលោក Musk បន្តផ្តល់លុយដល់អ្នកបោះឆ្នោត
បរទេស៖ ចៅក្រម នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបដិសេធ មិនរារាំងការផ្តល់រង្វាន់បោះឆ្នោត១លានដុល្លាររបស់លោកមហាសេដ្ឋី Elon Musk នៅក្នុងរដ្ឋសមរភូមិបោះឆ្នោតសហរដ្ឋអាមេរិក។
លោក Larry Krasner មេធាវីពីខាងបក្សប្រជាធិបតេយ្យ បានប្តឹងលោក Musk និងគណៈកម្មាធិការសកម្មភាពនយោបាយគាំទ្រលោក Trump ដែលមានឈ្មោះថា America PAC កាលពីសប្តាហ៍មុន ដោយហៅ រង្វាន់១លានដុល្លារអាមេរិកនេះ ថា «ជាគម្រោងឆ្នោតខុសច្បាប់»។ លោក Krasner បានស្នើសុំឱ្យបិទការផ្តល់រង្វាន់ប្រចាំថ្ងៃ ប៉ុន្តែ លោក Angelo Foglietta ចៅក្រមតុលាការ បានបដិសេធមិនធ្វើដូច្នេះទេ បន្ទាប់ពីសវនាការពេញមួយថ្ងៃ កាលពីថ្ងៃចន្ទ ដែលមានទាំងវត្តមានរបស់មេធាវី និងរដ្ឋអាជ្ញារបស់ លោក Musk ផងដែរ។
លោក Foglietta មិនបានផ្តល់ហេតុផលភ្លាមៗសម្រាប់ការសម្រេចចិត្តរបស់លោកទេ។ លោក Musk នាយកប្រតិបត្តិ ក្រុមហ៊ុន Tesla និង SpaceX បានសន្យា កាលពីខែមុនថា នឹងផ្តល់ប្រាក់ចំនួន ១ លានដុល្លារ ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃបោះឆ្នោត។ យោងតាមគេហទំព័រ America PAC មនុស្ស ១៦នាក់ រួមទាំងមនុស្ស៤នាក់ នៅរដ្ឋ Pennsylvania បានទទួលរង្វាន់ចំនួន១លានដុល្លារអាមេរិកមកនេះ រួចមកហើយ ទល់ពេលនេះ។
លោក Musk ត្រូវបានរាយការណ៍បានបរិច្ចាគប្រាក់យ៉ាងតិច១១៨លានដុល្លារដល់គណៈកម្មាធិការសកម្មភាពនយោបាយរបស់លោក ដែលជាអង្គការប្រមូលមូលនិធិ សម្រាប់ការបោះឆ្នោត។ លោកក៏ធ្លាប់បានបង្ហាញខ្លួននៅលើឆាកឃោសនា ជាមួយលោក Trump នៅឯការប្រមូលផ្តុំយុទ្ធនាការ ក្នុងរដ្ឋ Pennsylvania និងបានរៀបចំ សាលប្រជុំជាបន្តបន្ទាប់ ដោយខ្លួនឯង នៅក្នុងរដ្ឋ ភាគខាងកើត។ លោក Musk ដែលពីមុនបានគាំទ្រលោក Barack Obama ប៉ុន្តែ បានក្លាយជាអ្នកអភិរក្សកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានទាក់ទាញអ្នកតាមដាន២០២លាននាក់ នៅលើបណ្តាញសង្គម X ប្រចាំថ្ងៃ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត