Nissan កាត់បន្ថយបុគ្គលិកចំនួន ៩ពាន់នាក់ បន្ទាប់ពីប្រាក់ចំណេញធ្លាក់ចុះយ៉ាងគំហុក

តូក្យូ ៖ ក្រុមហ៊ុន Nissan Motor និយាយថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ៩,០០០នាក់ រួមជាមួយការកាត់បន្ថយសមត្ថភាពផលិតកម្ម បន្ទាប់ពីប្រាក់ចំណេញសុទ្ធធ្លាក់ចុះដល់ទៅ ៩៤ភាគរយ និងការចំណាយដ៏ខ្ពស់នៅតំបន់អាមេរិកខាងជើង។

ប្រាក់ចំណូលសុទ្ធរបស់ Nissan បានធ្លាក់ចុះនៅត្រឹម ១២៥លានដុល្លារ ក្នុងអំឡុងខែមេសា ដល់ខែកញ្ញា។ ការលក់ឆ្នាំនេះ បានធ្លាក់ចុះយ៉ាងគំហុកដល់ទៅ ១.៣ភាគរយ បើធៀបនឹងឆ្នាំមុន Nissan រកប្រាក់ចំណេញបានប្រហែល ៣៩ពាន់លានដុល្លារ។

បន្ថែមលើនេះ Nissan ក៏ប្រឈមមុខនឹងថ្លៃដើមផលិតកម្មកើនឡើងផងដែរ នៅតំបន់អាមេរិកខាងជើង ខណៈដែលការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន បានធ្វើឱ្យខូចតម្រូវការឡានប្រពៃណីប្រើសាំងនៅទីនោះ។

ឆ្លើយតបនឹងការធ្លាក់ចុះនេះ Nissan និយាយថា ខ្លួននឹងកាត់បន្ថយសមត្ថភាពផលិតកម្មសកលចំនួន ២០ភាគរយ ហើយបញ្ចប់ការកាត់បន្ថយកម្លាំងពលកម្ម ដែលបានគ្រោងទុកនៅខែមីនា ឆ្នាំ ២០២៧។

ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Nissan Motor លោក Uchida Makoto បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការសម្រេចចិត្តនេះ គឺមានគោលបំណងជួយក្រុមហ៊ុនឱ្យងើបឡើងវិញពីវិបត្តិ។

ជាមួយគ្នានេះ Nissan បានកាត់បន្ថយការព្យាករណ៍ការលក់របស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ហើយបាននិយាយថា ខ្លួនមិនទាន់អាចផ្តល់នូវទស្សនវិស័យសម្រាប់ប្រាក់ចំណេញនៅឡើយទេ៕

ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner