Axiom Space ចាប់ដៃឥណ្ឌា និងអឺរ៉ុប សង់ស្ថានីយ៍អវកាសឯកជន
បរទេស ៖ ក្រុមហ៊ុន Axiom Space of Houston កំពុងពិចារណាប្រើប្រាស់យានអវកាសផលិតនៅប្រទេសឥណ្ឌា និងអឺរ៉ុប ដើម្បីជួយសាងសង់ស្ថានីយ៍អវកាសពាណិជ្ជកម្មរបស់ខ្លួននៅក្នុងគន្លងផែនដីទាប នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។
អ្នកនាំពាក្យក្រុមហ៊ុនអវកាស Axiom Space បានប្រាប់កាសែតរ៉យទ័រថា ក្រុមហ៊ុនកំពុងពិភាក្សាជាមួយឥណ្ឌា និងបណ្តាប្រទេសនៅអឺរ៉ុប ដើម្បីស្វែងរកកិច្ចសហការដែលសាកសមសម្រាប់បេសកកម្មរបស់ខ្លួន និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
អ្នកនាំពាក្យដដែលបន្តថា គ្រាប់រ៉ុក្កែត និងយានអវកាសផលិតនៅប្រទេសទាំងនេះ អាចត្រូវបានប្រើ ដើម្បីដឹកជញ្ជូនវត្ថុធាតុដើម នៅពេលដែលយើងអភិវឌ្ឍស្ថានីយអវកាសរបស់យើង។
Axiom Space បានទទួលកិច្ចសន្យារបស់អង្គការ NASA ក្នុងឆ្នាំ ២០២០ ដើម្បីសាងសង់ម៉ូឌុលដែលអាចរស់នៅបាន ដែលនឹងភ្ជាប់ទៅនឹងស្ថានីយអវកាសអន្តរជាតិ (ISS)។ ប្រសិនបើទទួលបានជោគជ័យ ម៉ូឌុលនេះនឹងបង្ហាញពីជំហានដំបូងរបស់ក្រុមហ៊ុន Axiom Space ឆ្ពោះទៅរកការកសាងស្ថានីយគន្លងគោចររបស់ខ្លួន។
ម៉ូឌុល ISS របស់ Axiom កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Thales Alenia Space របស់អឺរ៉ុប ហើយវារួចរាល់ និងមិនទាន់ដឹកមកដល់ទីក្រុង Houston ដើម្បីត្រៀមបាញ់បង្ហោះដែលបានគ្រោងទុកនៅឆ្នាំ ២០២៦ នៅឡើយទេ។
ម៉ូឌុលនេះនឹងបម្រើជាមូលដ្ឋានគ្រឹះសម្រាប់ម៉ូឌុលយ៉ាងហោចណាស់បីបន្ថែមទៀត តាមស្ថាបត្យកម្មស្ថានីយអវកាសរបស់ក្រុមហ៊ុន។
បំណែកចុងក្រោយ ដែលជាម៉ូឌុលថាមពលកម្ដៅ នឹងជួយឱ្យម៉ូឌុលស្ថានីយអវកាសរបស់ Axiom ផ្ដាច់ចេញពី ISS ហើយក្លាយជាការហោះហើរដោយសេរីនៅក្នុងគន្លងផែនដី ដើម្បីជំនួស ISS បន្ទាប់ពីវានឹងត្រូវចូលនិវត្តន៍នៅឆ្នាំ ២០៣០៕
ប្រភព ៖ Space ប្រែសម្រួល ឈឹម ទីណា