Mazda ខាតធ្ងន់ដោយសារប្រាក់ចំណេញនៅអាមេរិកខាងជើងដាំក្បាលចុះ
តូក្យូ ៖ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Mazda Motor បានធ្លាក់ចុះប្រហែល 2 ភាគ 3 ក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ ដោយសារក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានចំណាយកាន់តែច្រើនឡើង ដើម្បីជំរុញការលក់នៅអាមេរិកខាងជើង។
ក្រុមហ៊ុន Mazda និយាយថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនបានធ្លាក់ចុះដល់ប្រហែល ២៣០លានដុល្លារក្នុងរយៈពេល៦ខែ ដែលបានបញ្ចប់នៅក្នុងខែកញ្ញា ពោលគឺធ្លាក់ចុះ ៦៧.៣ភាគរយ។
ប៉ុន្តែការលក់បែរជាបានកើនឡើងនៅក្នុងរយៈពេលនោះដល់ប្រហែល ១៥.៦ពាន់លានដុល្លារ កើនឡើង ៣.៣ភាគរយ បើធៀបនឹងឆ្នាំមុន និងជាកំណត់ត្រាខ្ពស់បំផុតរបស់ Mazda។
មូលហេតុដែលនាំឱ្យធ្លាក់ចុះប្រាក់ចំណេញសុទ្ធបែបនេះ ត្រូវបានក្រុមហ៊ុន Mazda អះអាងថា គឺដោយសារការលក់រថយន្តធ្លាក់ចុះយ៉ាងគំហុក ក្នុងក្រុមហ៊ុនចែកចាយនៅតំបន់អាមេរិកខាងជើង។
កត្តាសំខាន់មួយទៀត នោះគឺការធ្លាក់ចុះតម្រូវការរថយន្តនៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន ក៏ដូចជានៅតាមប្រទេសនានា រួមទាំងប្រទេសចិនផងដែរ។
បញ្ហានេះកំពុងជំរុញឱ្យក្រុមហ៊ុន Mazda កាត់បន្ថយការលក់ និងការព្យាករណ៍ពីប្រាក់ចំណេញសុទ្ធរបស់ខ្លួន សម្រាប់ឆ្នាំសារពើពន្ធនេះ៕
ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា