ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា អាជ្ញាធរខេត្តតាកែវ អំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាព និងឯករាជ្យភាពរបស់ប្រទេស ឲ្យស្ថិតស្ថេរ
(តាកែវ)៖ នៅក្នុងឱកាសប្រារព្ធខួបលើកទី៧១ នៃពិធីបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា ឆ្នាំ១៩៥៣ – ០៩ វិច្ឆិកា ឆ្នាំ២០២៤ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានប្រារព្ធធ្វើឡើងនៅវិមានឯករាជ្យ ខេត្តតាកែវ អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង បានធ្វើការអំពាវនាវឲ្យមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសុខសន្តិភាព អធិបតេយ្យភាពនិងឯកភាពជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្សតទៅមុខទៀត ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ទំរាំប្រទេសកម្ពុជាយើងទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមនិយមបារាំង បុព្វបុរសខ្មែរជាច្រើនរូបជាពិសេសសម្ដេច ព្រះនរោត្តម សីហនុ បានលះបង់គ្រប់បែបយ៉ាងរួមទាំងអាយុជីវិតផងដើម្បីទទួលបានឯករាជ្យទាំងស្រុងជូនប្រទេសកម្ពុជានៅថ្ងៃទី ០៩ ខែ វិឆ្ឆិកា ឆ្នាំ១៩៥៣ ។
ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងបន្តថា បើទោះបីជាប្រទេសជាតិយើងទទួលបានឯករាជ្យទាំងស្រុងពីអាណាគមនិយមបារាំងក៏ដោយ ក៏ប៉ុន្តែក្រោយមកប្រទេសយើងបានកើតសង្រ្គាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរគ្នាឯងរហូតដល់មានការសំលាប់ជាតិសាសន៏ឯង អស់ជាង៣លាននាក់ថែមទៀតផងនៅក្នុងរបបខ្មែរក្រហមដឹកនាំប្រទេស។ ទំរាំមានការរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមដោយគណបក្សប្រជាជនកម្ពុជា និងការឈានទៅបញ្ចប់សង្រ្គាមទាំងស្រុងរវាងខ្មែរនិងខ្មែរ ក្រោមនយោបាយឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជាយើងបានហែលឆ្លងគ្រប់រស់ជាតិ ដូច្នោះចាប់ពីពេលនេះតទៅសូមមន្រ្តីរាជការជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងអស់ ត្រូវរួបរួមសាមគ្កីគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីថែរក្សាឲ្យបាននៅសុខសន្តិភាពអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសតរៀងទៅនិងធ្វើការអភិវឌ្ឍន៏ប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត ៕
ដោយ ៖ សាំង សារ៉ាវី