NASA ធ្វើតេស្តម៉ាស៊ីនយន្តហោះលឿនជាងសំឡេងលើកដំបូង

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើតេស្តម៉ាស៊ីនយន្តហោះចម្បាំងជំនាន់ថ្មី X-59 របស់ខ្លួន មុនពេលឈានដល់ការហោះហើរសាកល្បងលើកដំបូង។

វិស្វករដឹកនាំកម្មវិធីផលិតយន្តហោះ X-59 Quest របស់អង្គការ NASA កំពុងធ្វើការសាកល្បងម៉ាស៊ីនយន្តហោះចម្បាំងនេះ នៅរោងចក្រ Lockheed Martin Skunk Works ក្នុងទីក្រុង Palmdale រដ្ឋ California។

ការធ្វើតេស្តកំពុងដំណើរការជាដំណាក់កាល ដោយក្នុងអំឡុងពេលធ្វើតេស្តបឋម វិស្វករបានដំណើរការម៉ាស៊ីនរបស់យន្តហោះ X-59 ក្នុងល្បឿនទាបដោយមិនបញ្ឆេះវា ដើម្បីពិនិត្យមើលការលេចធ្លាយណាមួយ និងត្រូវប្រាកដថា ប្រព័ន្ធផ្សេងៗរបស់យន្តហោះដំណើរការជាមួយគ្នានៅពេលដំណើរការដោយថាមពល។

រហូតមកទល់ ពេល នេះ វិស្វករដឹកនាំកម្មវិធី និយាយ ថា យន្តហោះ X-59 ដំណើរការ បាន ល្អ។ យន្តហោះចម្បាំង X-59 ត្រូវបានរចនាឡើងដើម្បីហោះហើរក្នុងល្បឿនលឿនជាងសំឡេង ១.៤ដង
និងរយៈកម្ពស់ ១៦.៧គីឡូម៉ែត្រ។

X-59 ត្រូវបានបំពាក់ដោយម៉ាស៊ីនយន្តហោះ F414-GE-100 ផលិតដោយក្រុមហ៊ុន General Electric។ គ្រួសារម៉ាស៊ីន F414 ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយស្ទើរទូទាំងយន្តហោះយោធាអាមេរិក រួមទាំងនៅក្នុងយន្តហោះ Boeing F/A-18 Super Hornet ដែលប្រតិបត្តិការដោយកងទ័ពជើងទឹកអាមេរិក។

ប៉ុន្តែបច្ចុប្បន្នការហោះហើរលឿនជាងសំឡេងនៅសហរដ្ឋអាមេរិក ត្រូវបានហាមឃាត់ដោយអាជ្ញាធរសហព័ន្ធអាកាសចរណ៍អាមេរិក (FAA)។ យ៉ាងណា អង្គការ NASA សង្ឃឹមថា យន្តហោះ X-59 នឹងអាចបញ្ជាក់បានថា ការហោះហើរលឿនជាងសំឡេង គឺអាចធ្វើទៅបាន។

ហើយបើសិនទទួលការអនុញ្ញាត នោះយន្តហោះប្រភេទនេះ នឹងអាចជួយកាត់បន្ថយពេលវេលា មិនត្រឹមតែជួយដល់ការធ្វើដំណើរតាមផ្លូវអាកាសពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្នែកដឹកជញ្ជូនជំនួយសង្គ្រោះគ្រោះមហន្តរាយ និងការដឹកជញ្ជូនវេជ្ជសាស្រ្តជាដើម៕

ប្រភព ៖ Space ប្រែសម្រួល ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner