សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំលោក ជេម សុខ មកមើលស្រុកខ្មែរឱ្យច្បាស់ កុំវិភាគខុសការពិតពីកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំលោកតា ជេម សុខ មកលេងស្រុកខ្មែរ ដើម្បីមើលការរីកចម្រើនដោយផ្ទាល់ភ្នែក ជៀសវាងការវិភាគខុសការពិតពីកម្ពុជាម្ដងហើយម្ដងទៀត បន្ទាប់ពីលោក ជេម សុខ បាននិយាយថា «រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺមិនធ្វើអ្វីបានទាំងអស់ ក្រៅពីសម្ពោធសមិទ្ធផលតិចតួច» ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្ដេចធិបតី បានថ្លែងហួសចិត្តចំពោះការលើកឡើងរបស់លោក ជេម សុខ។ សម្ដេច ក៏បានផ្តាំផ្ញើដល់លោក តា ជេម សុខ ថា បើរាជរដ្ឋាភិបាល មិនធ្វើអ្វីសោះ ហេតុអ្វីក៏រាជរដ្ឋាភិបាលដើរសម្ពោធសមិទ្ធផល? កុំវិភាគបែបស៊ីអារម្មណ៍ សុំវិភាគបែបវិទ្យាសាស្ត្រ ដោយមិនសន្និដ្ឋានមុននោះទេ ។

សម្ដេចធិបតី បានប្រកាសស្វាគមន៍ និងផ្តល់ឱកាសឱ្យលោកតា ជេម សុខ អ្នកវិភាគនៅក្រៅប្រទេសអាចមកស្រុកខ្មែរបានដើម្បីជួបផ្ទាល់ ជាមួយរដ្ឋមន្ត្រីតាមក្រសួងស្ថាប័ននានា ដើម្បីស្ដាប់ឱ្យដឹងថា តើរយៈពេលជាង១៥ខែកន្លងមករដ្ឋមន្ត្រីនីមួយៗបានធ្វើអ្វីខ្លះ ។

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ប្រកាសចេញលុយឱ្យលោកតា ជេម សុខ ដើរមើលការអភិវឌ្ឍនិងសមិទ្ធផលជាក់ស្ដែងនៅកម្ពុជា។ សម្ដេច ថា លោកតា ជេម សុខ ត្រូវមកមើលជាក់ស្ដែង ហ៊ានស៊ី ហ៊ានសងរដ្ឋាភិបាល អត់មានអីលាក់បាំងទេ ។ សូមអញ្ជើញមក កុំខ្លាច គ្មានអ្នកណាចាប់លោក នោះទេ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner