សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា កំពុងសិក្សារៀបចំឲ្យមានផ្លូវជិះកង់ពីខេត្តកែបដល់ខេត្តកោះកុង
(កែប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា កំពុងសិក្សារៀបចំ ឱ្យមានផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិអ្នេរអង្កោល ឃុំនេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្តេចធិបតី បានថ្លែងអបអរសាទរពលរដ្ឋខេត្តកែបទទួលបានសមិទ្ធផលថ្មី «វិថីតេជោសន្តិភាពឆ្នេរអង្កោល ។ សម្តេចថា វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍ និងបម្រើប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ ៦ពាន់គ្រួសារ ។
សូមជម្រាបថា គម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ មានប្រវែងសរុបជាង១២គីឡូម៉ែត្រ ស្ថិតនៅ ភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍ ។
គម្រោងនេះ បានប្រើប្រាស់រយៈពេលសាងសង់ ចំនួន ២២ខែ គិតចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ រហូតដល់អំឡុងខែមករា ឆ្នាំ២០២៤ និងបានចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារអាម៉េរិក ដែលជាកម្ចីឥណទានសម្បទានពីធនាគារ អភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ ។
លើសពីនេះ វិថីនេះក៏បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែប ឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ- អន្តរជាតិនានា ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត