គុយបាជួបទុក្ខផ្ទួនៗ អស់ពីព្យុះ និងដាច់ភ្លើងទូទាំងប្រទេស ឥឡូវជួបគ្រោះរញ្ជួយដី២លើកទៀត
ឡាហាវ៉ាន ៖ គ្រោះរញ្ជួយដីចំនួន២លើកផ្ទួនៗគ្នាអង្រួនប្រទេសគុយបា កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីប្រជាជាតិក្រីក្រមួយនេះ ទើបទទួលរងការវាយប្រហារពីព្យុះសង្ឃរា និងការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស ប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post។
គ្រោះរញ្ជួយដីទាំងពីរនេះ ក្នុងនោះលើកដំបូងមានកម្រិត ៦រ៉ិចទ័រ បានកើតឡើងនៅម៉ោង ១០នឹង៥០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) នៅខេត្ត Granma ជាមួយចំណុចកណ្ដាលមានជម្រៅ ១០គីឡូម៉ែត្រក្នុងចម្ងាយប្រហែល ៤៨គីឡូម៉ែត្រភាគអាគ្នេយ៍តំបន់ Pilon។
ហើយនៅម៉ោង ១១នឹង៤៩នាទីព្រឹកថ្ងៃដដែល អាជ្ញាធរគុយបាបានប្រកាសថាមានគ្រោះរញ្ជួយដីមួយទៀតក្នុងកម្រិត ៦.៨រ៉ិចទ័រកើតឡើង ជាមួយចំណុចកណ្ដាលក្នុងជម្រៅ ១០គីឡូម៉ែត្រ ក្នុងចម្ងាយប្រហែល ៣២គីឡូម៉ែត្រភាគអាគ្នេយ៍តំបន់ Pilon។
យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា មិនមានអ្នករបួស ឬស្លាប់ និងទំហំនៃការខូចខាតទ្រព្យសម្បត្តិ ក៏ដូចជាការព្រមានពីរលកយក្សស៊ូណាមិនោះទេ ជុំវិញហេតុការណ៍គ្រោះរញ្ជួយដីនេះ។ គ្រោះរញ្ជួយដីគឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់ សម្រាប់កោះដែលគ្រប់គ្រងដោយរបបដឹកនាំកុម្មុយនិស្ត។
ថ្មីៗនេះ គុយបាបានជួបប្រទះការដាច់ភ្លើងរាប់ម៉ោងអស់ជាច្រើនខែ ហើយកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការបែកបាក់សម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន គឺសហភាពសូវៀតនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដោយសារការញាំញីពីកំណើនអតិផរណា និងកង្វះទំនិញជាមូលដ្ឋាន៕
ប្រភព ៖ SCMP ប្រែសម្រួល ៖ ឈឹម ទីណា