ការផ្សាយព័ត៌មានពិត បានរួមចំណែកដល់ការដោះស្រាយបញ្ហា នៅតាមមូលដ្ឋាន

(កែប)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការផ្សាយព័ត៌មានពិត ដែលបានរួមចំណែកដល់ការដោះស្រាយបញ្ហានៅតាមមូលដ្ឋានបានលឿន និងធ្វើឱ្យពលរដ្ឋទទួលបាននូវព័ត៌មានពិត ។ សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពអង្កោល នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកែប ។

សម្តេចធិបតី បានមានប្រសាសន៍ថា កន្លងមក ការដោះស្រាយបញ្ហាមួយចំនួននៅតាមមូលដ្ឋានបានលឿន គឺដោយសារតាមរយៈអ្នកសារព័ត៌មានមួយចំនួន ដែលបាននូវផ្សាយព័ត៌មានពិតច្បាស់ ដែលធ្វើឱ្យថ្នាក់ដឹកនាំក្តាប់បញ្ហាបាន និងចាត់តាំងបានលឿន។

សម្តេចធិបតី បានអរគុណ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ឱ្យបន្តផ្សព្វផ្សាយនូវព័ត៌មានពិត ដើម្បីជាប្រយោជន៍ដល់សាធារជន និងសង្គមជាតិ ខណៈការផ្សាយនូវព័ត៌មានពិត គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្ននេះ អ្នកសារព័ត៌មាននៅកម្ពុជា មានជាង ១ម៉ឺននាក់ និងអ្នកព័ត៌មានតាមអនឡាញជាច្រើននាក់ទៀត ។

ជាមួយគ្នានេះ សម្តេច បានជំរុញឱ្យស្ថាប័នសារព័ត៌មាន ដែលដឹងថា ខ្លួនផ្សាយខុស ត្រូវផ្សាយកែតម្រូវឡើងវិញ ដើម្បីឱ្យសាធារណជន ដែលមើលព័ត៌មានរបស់ខ្លួនបានដឹងនូវព័ត៌មានពិត និងចៀសវាងផ្សាយព័ត៌មានដែលជាថ្នូរ នឹងការទទួលបាននូវផលប្រយោជន៍ណាមួយ ។

សម្តេចធិបតី បានមានប្រសាសន៍ថា សូមផ្សាយឱ្យមានការទទួលខុសត្រូវ ព័ត៌មានឱ្យសុក្រឹត្រ និងមានភាពប្រាកដប្រជា ព័ត៌មានដែលមិនបម្រើដល់កត្តាអីផ្សេងៗ បើសិនជាខុសសូមកែសម្រួលឡើងវិញ បើផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ពេលដែលបានព័ត៌មានសូមផ្សាយទៅដើម្បីបង្ហាញថា ខ្លួនជាអ្នកព័ត៌មានដែលមានវិជ្ជាជីវៈ អាព្យាក្រឹត្យ ហើយការប្រើប្រាស់ព័ត៌មានដើម្បីផលប្រយោជន៍អ្វីមួយ សេដ្ឋកិច្ច ឬអ្វីមួយ គឺត្រូវជៀសឱ្យផុត ព្រោះជួនកាល ឈ្លោះគ្នាលេងតាមព័ត៌មានទៅបង្កាត់បង្ខូចម្នាក់ផ្សេងៗទៀត អាហ្នឹងគេបានប្តឹងបាន ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា បើទោះបីជាព័ត៌មានពិត ផ្សព្វផ្សាយច្រើនក៏ដោយ ប៉ុន្តែក៏មានព័ត៌មានមិនពិតច្រើន ដែលធ្វើឱ្យជះឥទ្ធិពលមិនល្អដល់សង្គម និងធ្វើឱ្យសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ត្រូវបានបំផ្លាញដោយព័ត៌មានមិនពិត ។ សម្តេច ថា ប្រជាពលរដ្ឋម្នាក់ៗ មានសិទ្ធិក្នុងការទទួលបាននូវព័ត៌មានពិតប្រាកដ ដើម្បីដឹងពីប្រទេសរបស់ខ្លួន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner