អង្គការស្បៀង និង កសិកម្ម នៃ សហប្រជាជាតិ (FAO) បំពាក់ប្រព័ន្ធត្រួតពិនិត្យនាវាចំនួន ១៦០០គ្រឿងនៅតាម ខេត្តតំបន់ឆ្នេរកម្ពុជា ត្រឹមឆ្នាំ២០២៥
(ភ្នំពេញ)៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន (CAPFISH-Capture) របស់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលទទួលបានជំនួយថវិកាពីសហភាពអឺរ៉ុប (EU) បាននិងកំពុងគាំទ្រដល់រដ្ឋបាលជលផលនូវបច្ចេកទេសថ្មីក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា (VMS)។
យោងតាមប្រភពពីអង្គការស្បៀង និង កសិកម្មនៃសហប្រជាជាតិបានឱ្យដឹងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថារដ្ឋបាលជលផល បានបំពាក់រួចរាល់ចំនួន ៨០០ គ្រឿង នាពេលថ្មីៗនេះលើនាវាខ្នាតមធ្យម និងខ្នាតវែង និងបន្តបំពាក់ចំនួន៨០០គ្រឿងបន្ថែមទៀតឱ្យសម្រេចរួចរាល់នៅឆ្នាំ២០២៥ សម្រាប់បណ្ដាខេត្តតំបន់ឆ្នេរទាំង៤រួមមាន ព្រះសីហនុ កោះកុង កំពត និងកែប។ ឧបករណ៍ត្រួតពិនិត្យនាវាទាំងនេះដំណើរការដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមិនមានប្រើភ្ជាប់ជាមួយប្រព័ន្ធអគ្គិសនីបន្ថែមនោះឡើយ។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖នេះគឺជាការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា ដំណាក់កាលទី២សម្រាប់កម្ពុជា ដែលបានបំពាក់នៅលើទូកនេសាទ និងឧបករណ៍នេសាទបច្ចុប្បន្ន ដែលមានទំហំចាប់ពី១២ម៉ែត្រឡើងទៅ។ ប្រព័ន្ធត្រួតពិនិត្យនាវាដំណាក់កាលទី២នេះ គឺជាប្រភេទឧបករណ៍ ដែលត្រូវបានកែលម្អពីដំណាក់កាលទី១ ដោយកាលពីដំណាក់កាលទី១ ឧបករណ៍ចំនួន១២៥គ្រឿងត្រូវបានបំពាក់ និងធ្វើតេស្តសាកល្បងដែលមានទំហំលើសពី១៨ម៉ែត្រ។ អង្គការFAO ក៏បានបណ្តុះបណ្តាលបច្ចេកថ្មីនេះដល់មន្ត្រីរដ្ឋបាល
ជលផល អំពីរបៀបដំណើរការឧបករណ៍ទាំងនោះផងដែរ។
គួរបញ្ជាក់ថា ប្រព័ន្ធត្រួតពិនិត្យនាវា (VMS) ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជានេសាទ ជាឧទាហរណ៍ក្នុងករណីនាវា ឬទូកជួបបញ្ហានៅលើផ្ទៃសមុទ្រ គេអាចកំណត់បានពីទីតាំងជាក់លាក់ចុងក្រោយរបស់នាវា ឬទូកទាំងនោះ ព្រមទាំងអាចត្រូវបានប្រើជាជំនួយក្នុងប្រតិបត្តិការរុករកនាវា ឬទូក ដែលជួបបញ្ហា រីឯការដំឡើងនោះទៀតសោត គឺមិនមានតម្រូវឱ្យចំណាយថវិកានោះឡើយ។
នេះគឺជាការបន្ថែមអំពីការគាំទ្រដល់ការគ្រប់គ្រងជលផលសមទ្រប្រកបដោយនិរន្តរភាព ការរៀបចំបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០២១ ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។ ផែនការគ្រប់គ្រងជលផលសមុទ្រក៏រួមបញ្ចូលការគ្រប់គ្រងលំហ និងការរៀបចំផែនការ ដើម្បីបញ្ជ្រាបទៅក្នុងផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់កម្ពុជា ដើម្បីធានាបាននូវអនុលោមភាពរវាងការប្រើប្រាស់ធនធាន និងការអភិវឌ្ឍ។
ជាមួយគ្នានេះកម្មវិធីនេះក៏មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រ និងទឹកសាប ជាពិសេសពង្រឹងក្របខ័ណ្ឌគ្រប់គ្រងជលផល៕
ដោយ ៖ ម៉ាដេប៉ូ