សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតចលនាជាតិតស៊ូនិងការបង្កើតរដ្ឋាភិបាលស្រមោលនៅក្រៅប្រទេស គឺដើម្បីចង់បានអំណាចផ្តួលរំលំរដ្ឋាភិបាល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការប្រកាសបង្កើតចលនាជាតិតស៊ូ ដោយលោក សម រង្ស៊ី និងការបង្កើតរដ្ឋាភិបាលស្រមោលនៅក្រៅប្រទេស ដោយលោក សម សេរី គឺមិនមានអ្វីថ្មីទេ គោលដៅនៅតែដដែល។ បង្កើតអ្វីដែលប្លែក ប៉ុន្តែវាអាចមានបញ្ហាមួយដោយសាររយៈពេល ៦ខែចុងក្រោយនេះ គឺមានចលនាប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសដែលជាសមាជិកគណបក្សប្រឆាំងបានចេញមកចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយគណបក្សប្រជាជនកម្ពុជា។ ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រសិទ្ធនាមវិថីតេជោសន្តិភាពអង្កោល នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចធិបតីបានបញ្ជាក់ថា “ទាំងមន្ត្រីជាន់ខ្ពស់របស់គាត់ទាំងក្នុងប្រទេសទាំងក្រៅប្រទេស ទាំងអ្នកគាំទ្រសំខាន់របស់គាត់ ទាំងអាសូរ្យកាយ សូម្បីអ្នកគាំទ្រគាត់ដើរចោលពីគាត់ដោយសារគេអស់ជំនឿ អ៊ីចឹងហើយដាច់ខាតត្រូវបង្កើតអីថ្មីដើម្បីទាក់ទាញ ដើម្បីជាចលនាអាចថាប្រមូលថវិកាប្រមូលបច្ច័យអីខ្ញុំមិនដឹងទេ។ ប៉ុន្តែបង្កើតព្រឹត្តិការណ៍ ហើយវាប់ឡើងគឺថាយើងលែងជឿការបោះឆ្នោតហើយ ព្រោះបោះមិនដែលឈ្នះ។ អ៊ីចឹងបានន័យថា គាត់បោះមិនឈ្នះ គាត់ទៅបង្កើតចលនាតាំងខ្លួនគាត់ធ្វើជាប្រធាន អ្នកខ្លះតាំងខ្លួនជានាយករដ្ឋមន្ត្រី នៅពេលជាមួយគ្នានេះ បានន័យថាកំពុងតែមើលងាយអ្នកបោះឆ្នោតប្រជាពលរដ្ឋខ្មែរ ៨លាន២សែននាក់ សន្លឹកឆ្នោតរបស់យើងបានន័យថា គាត់លែងឱ្យតម្លៃហើយ។ រដ្ឋធម្មនុញ្ញមួយទាំងមូលដែលគាត់ធ្លាប់ចូលស្បថការពារដែលនោះឥឡូវលែងឱ្យតម្លៃ។ ដោយសារគាត់ធ្វើអីប្រើតាមរូបមន្តបោះឆ្នោត រូបមន្តនេះមិនឈ្នះគាត់ចោទគេរហូត តែទីបំផុតគ្រប់គ្រងបក្សខ្លួនឯងមិនបាន គេចាប់ផ្តើមដើរចោលទាំងអស់”។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា អ្វីដែល​គេធ្វើគឺចង់បានអំណាចផ្តួលរដ្ឋាភិបាល។ កាលពីថ្ងៃទី៩ វិច្ឆិកា ២០១៩ គេបានរៀបចំមនុស្សស្ម័គ្រស្លាប់ដុតប្រទេស និងថ្ងៃទី១៨ សីហា ២០២៤ បំផុសមនុស្សរុញក្មេងៗធ្វើបាតុកម្ម ប៉ុន្តែឥឡូវក្មេងមេក្លោង​បំផុស​មនុស្សឱ្យធ្វើបាតុកម្មដែលជឿតាមគាត់ ឥឡូវភ្ញាក់ខ្លួនមកចូលរួមជាមួយរាជរដ្ឋាភិបាល ជួបជាមួយសម្តេចតេជោ ដោយសារគេអស់ជំនឿលើគាត់៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner