បច្ច័យ អង្គកឋិនសាមគ្គី ជិត ៣០លានរៀល ត្រូវបានប្រគេនព្រះសង្ឃ កសាងព្រះវិហារថ្មី វត្តគោកកី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
(ខេត្តបន្ទាយមានជ័យ) ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពុទ្ធបរិស័ទចំណុះជើងវត្តសីលានិមិត្តគោកកីឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឯកភាពគ្នាជាឯកច្ឆន្ទផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តសីលានិមិត្តគោកកី ហៅវត្តគោកកីស្ថិតនៅភូមិគោកកី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីប្រមូលបច្ច័យសម្រាប់កសាងព្រះវិហារថ្មី ។
កឋិនសាមគ្គីដង្ហែរចូលទៅកាន់វត្តគោកកីនាឆ្នាំនេះ ទទួលបានបច្ច័យសរុបចំនួន ២៩.៤៩៥.០០០រៀល (ម្ភៃប្រាំបួនលានបួនសែនប្រាំបួនមឺនប្រាំពាន់រៀលគត់) ។
ចប្ច័យទាំងអស់បានប្រគល់ជូន គណៈកម្មការវត្តសីលានិមិត្តគោកកីដើម្បីសម្រួលដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់រយៈពេល បីខែ និងសម្រាប់កសាងព្រះវិហារថ្មីដែលមានបណ្តោយ ២២ម៉ែត្រ×១២ម៉ែត្រ បច្ចុប្បន្នកំពុងដំណើរការសាងសង់បាន ២០%ហើយ ។
លោក ដាំ ហុង ប្រធានអាចារ្យវត្ត ក៏ដូចគណៈកម្មការវត្តសីលា និមិត្តគោកកី បានថ្លែងអំណរគុណ និងជូនពរចំពោះម្ចាស់ទាន ទាំងអស់ ដែលបានរួមចំណែកបរិច្ចាគទាំងថវិកាលើកស្ទួយវិស័យព្រះពុទ្ធសាសនា ពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនព្រមៗគ្នាខណៈដែលប្រទេសជាតិមានសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភាកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យ ៕
អំពាវនាវ ដល់ព្រះសង្ឃ សម្តេច ទ្រង់ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ដូនជី តាជី និងពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភគាំទ្រ និងចូលរួមកសាងព្រះវិហារថ្មីនេះឲ្យបានរួចជាស្ថាបពរ ៕
ប្រភព ៖ បន្ទាយមានជ័យ