ជប៉ុន ៖ លោក Shigeru Ishiba បន្តជាប់ជានាយករដ្ឋមន្រ្តី
បរទេស៖ លោក Shigeru Ishiba នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន នៅបន្តរក្សាតំណែងជានាយករដ្ឋមន្រ្តីដដែល ក្នុងការបោះឆ្នោតនៅសភា កាលពីថ្ងៃចន្ទ បើទោះបីគណបក្សកាន់អំណាច ទទួលបានលទ្ធផលមិនល្អខ្លាំងក៏ដោយ ក្នុងការបោះឆ្នោតសកល កាលពីពេលកន្លងទៅនេះ។
ក្នុងការបោះឆ្នោតនាថ្ងៃចន្ទនេះ លោក Ishiba ទទួលបានការគាំទ្រចំនួន២២១សំឡេង ខណៈគូប្រជែងគឺលោក Yoshihiko Noda ប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ (CDP) ដែលជាបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសជប៉ុន ទទួលបានត្រឹម១៦០សំឡេង។
គួរបញ្ជាក់ថា លោក Shigeru Ishiba បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុន កាលពី៦សប្តាហ៍មុន បន្ទាប់ពីលោក Fumio Kishida សម្រេចចិត្តចុះចេញពីតំណែង ស្របពេលរដ្ឋាភិបាលលោក បានធ្លាក់ចុះប្រជាប្រិយភាពខ្លាំង ក្រោយរឿងអាស្រូវពាក់ព័ន្ធអ្នកនយោបាយ នៃគណបក្សកាន់អំណាច។
រម្លឹកថា អំឡុងការបោះឆ្នោតសកល កាលពីថ្ងៃទី២៧ ខែតុលា គណបក្សប្រជាធិបតេយ្យសេរី LDP និងបក្ស Komeito ដែលជាដៃគូក្នុងក្រុមចម្រុះកំពុងកាន់អំណាច នៅតែមានអាសនៈសរុបច្រើនជាងគេក្នុងសភា ទោះពុំដល់២៣៣អាសនៈ ដែលជាចំនួនចាំបាច់ ក្នុងការគ្រប់គ្រងសំឡេងភាគច្រើនក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត