Tesla ប្រមូលឡាន Cybertruck រាប់ពាន់គ្រឿងមកវិញ ដោយសារបញ្ហាឧបករណ៍បំពងសំឡេង
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Tesla កំពុងប្រមូលឡាន Cybertruck ចំនួន ២,៤៣១គ្រឿងនៅសហរដ្ឋអាមេរិកត្រឡប់មកវិញ ដោយសារតែជួបបញ្ហាជាមួយឧបករណ៍បំពងសំឡេងរបស់ពួកវា ដែលបង្កើនហានិភ័យរហូតដល់ជ្រុះចេញពីរថយន្តតែម្តង។
ការប្រកាសនេះធ្វើឡើងបន្ទាប់ឯកសាររបស់ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានផ្ញើទៅកាន់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ហើយបានបង្ហាញជាសាធារណៈកាលពីថ្ងៃពុធសប្តាហ៍នេះ។
ការប្រមូលមកវិញនេះ នឹងប៉ះពាល់ដល់រថយន្ត Cybertruck មួយចំនួន ដែលផលិតនៅចន្លោះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន Tesla បានអះអាងថា មិនមានការប៉ះទង្គិចរហូតដល់ថ្នាក់បាត់បង់ជីវិត ឬរបួស ទាក់ទងនឹងបញ្ហានេះទេ។ សរុបមក រហូតមកដល់ពេលនេះ Tesla ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ អំពីការប្រមូលរថយន្ត Cybertrucks ចំនួន៦លើកហើយនៅក្នុងឆ្នាំនេះ។
កាលពីខែមុន ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងប្រមូលមកវិញនូវរថយន្ត Cybertruck ជាង ២៧,០០០គ្រឿងនៅសហរដ្ឋអាមេរិកត្រឡប់មកវិញ ដោយសារបញ្ហាកាមេរ៉ាខាងក្រោយ ដែលអាចធ្វើឱ្យពិបាកដល់ការមើលឃើញរបស់អ្នកបើកបរ និងបង្កើនហានិភ័យនៃការគាំង។
Tesla បានចាប់ផ្តើមចែកចាយឡាន Cybertruck នៅឆ្នាំ ២០២៣ បន្ទាប់ពីការពន្យាពេលពីរឆ្នាំ ដោយសារបញ្ហាផលិត និងការផ្គត់ផ្គង់ថ្ម។ រថយន្តភីកអាប់អគ្គិសនីនេះ ត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងឆ្នាំ ២០១៩៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា