សមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យ រកឃើញសេវាពេទ្យធ្មេញ និងការផលិតទឹកបរិសុទ្ធជាច្រើនកន្លែងមិនមានច្បាប់
បន្ទាយមានជ័យ៖ នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤អាជ្ញាធរខេត្ត មន្រ្តីមកពីស្ថាប័ន អង្គភាពពាក់ព័ន្ធបានជួបប្រជុំគ្នានៅសាលាខេត្ត ។របៀបវារៈនៃកិច្ចប្រជុំ ផ្តោតទៅលើការពង្រឹងការគ្រប់គ្រង សេវាពេទ្យធ្មេញនិងការផលិតទឹកបរិសុទ្ធ ដែលមិនបានបំពេញតាមលក្ខខណ្ឌច្បាប់ ខណៈសមត្ថកិច្ចជំនាញរកឃើញថាការប្រកបសេវាសុខាភិបាល និងការផលិតទឹកសុទ្ធជាច្រើនកន្លែងពុំមានច្បាប់អនុញ្ញាត ។
ឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានប្រាប់កិច្ចប្រជុំថា គិតចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែកក្កដាកន្លងទៅកម្លាំងជំនាញនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើបច្ចុប្បន្នភាពលើទីតាំងឱសថស្ថាន និងសិប្បកម្មផ្សេងៗតាមបណ្តាស្រុក ក្រុងទាំង៩។ តាមការធ្វើបច្ចុប្បន្នភាពបានរកឃើញទីតាំងប្រកបអាជីវកម្មសរុបចំនួន ៨៤៨ កន្លែង ក្នុងនោះមានច្បាប់ចំនួន ៧៣១ កន្លែង និងគ្មានច្បាប់ចំនួន១១៧ កន្លែង។ ក្នុងចំណោមអាជីវកម្មដែលគ្មានច្បាប់ទាំង១១៧ កន្លែង មានអាជីវកម្មគ្មានច្បាប់ចំនួន ២ ប្រភេទ ដែលអាចបង្កផលប៉ះពាល់សុខុមាលភាព និងមានហានិភ័យខ្ពស់ ដល់អ្នកប្រើប្រាស់ ឬអ្នកមកទទួលសេវាផ្សេងៗ ។ក្នុងនោះ មាន ៖១-ទីតាំងពិនិត្យព្យាបាល មាត់-ធ្មេញចំនួន ២៩ កន្លែង សមត្ថកិច្ចបានរកឃើញថា ម្ចាស់អាជីវកម្មមិនមានជំនាញឯកទេស ឬពុំបានសិក្សានៅសាលាជំនាញឯកទេសនោះទេ គឺចេះតៗគ្នា និងគ្មានលិខិតអនុញ្ញាត ប្រកបអាជីវកម្ម និងប្រើប្រាស់ស្លាកយីហោមិនត្រឹមត្រូវតាមកម្រិតជំនាញជាក់ស្តែង។២-ទីតាំងសិប្បកម្មផលិតទឹកបរិសុទ្ធ ចំនួន ៨ កន្លែង សមត្ថកិច្ចបានរកឃើញថា មិនបានចុះបញ្ជី និងគ្មានលិខិតអនុញ្ញាតត្រឹមត្រូវពីស្ថាប័នជំនាញ។ការផលិតមិនអនុលោមតាមស្តង់ដារកំណត់ បរិស្ថានជុំវិញ,ទីតាំងផលិតគ្មានអនាម័យ ,ទីតាំងតែមួយតែផលិតទឹកបរិសុទ្ធ ដោយប្រើប្រាស់ស្លាកសញ្ញាច្រើនម៉ាក ,ព័ត៌មាន លើសម្បកដបមិនច្បាស់លាស់ គ្មានប្រភពទីតាំងជាក់លាក់ និងគ្មានលេខទូរសព្ទទំនាក់ទំនង។
ឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានបន្ថែមទៀតថា ក្រៅពីទឹកបរិសុទ្ធ ឬទឹកសុទ្ធផលិតមិនត្រូវលក្ខណៈបច្ចេកទេស ។ក៏មានអ្នកបិទស្រាសលក់ក៏ដូចគ្នាដែរ ។ទឹកសុទ្ធនាំចូលមកទាំងការដឹកជញ្ជូន និងការទុកដាក់មិនបានត្រឹមត្រូវ ។ទាំងនោះវាក៏បង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។
ក្នុងកិច្ចប្រជុំមន្ត្រីជំនាញពាក់ព័ន្ធបានលើកឡើងថា មន្រ្តីជំនាញធ្លាប់បានផ្សព្វផ្សាយ ណែនាំពីច្បាប់ធ្វើអាជីវកម្មលើសេវាកម្មផ្នែកសុខាភិបាល និងការផលិតទឹកសុទ្ធ រួមទាំងការបិទស្រាស ជាដើមឱ្យបំពេញតាមលក្ខខណ្ឌច្បាប់ ប៉ុន្តែ ម្ចាស់អាជីវកម្មមួយចំនួននោះមិនគោរពអនុវត្តតាម ។
លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់មន្រ្តីចូលរួមប្រជុំ និងពិភាក្សា ដោយសំដៅបន្តពង្រឹងទៅលើការគ្រប់គ្រង ចំពោះសេវាព្យាបាល មាត់-ធ្មេញ និងទីតាំងសិប្បកម្មផលិតទឹកបរិសុទ្ធ ។កន្លែងមួយចំនួន មិនទាន់បានបំពេញតាមលក្ខខណ្ឌច្បាប់ ចាំបាច់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន រួមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ សហការគ្នា ចុះណែនាំដោយឱ្យធ្វើកិច្ចសន្យាកំណត់ជាក់លាក់ឱ្យបំពេញតាមលក្ខខណ្ឌច្បាប់។ទន្ទឹមត្រូវចាត់វិធានការលើម្ចាស់សេវាព្យាបាល មាត់-ធ្មេញ និងទីតាំងសិប្បកម្មផលិតទឹកបរិសុទ្ធណាមួយមិនព្រមគោរពអនុវត្តតាមច្បាប់ គឺអនុវត្តនីតិវិធីច្បាប់ដោយធ្វើការបញ្ឈប់សេវា ក៏ដូចអាជីវកម្មនោះ ៕
ដោយ៖ គៀន ច័ន្ទហ៊ីន