អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រជុំពេញអង្គ លើកទី២ ដើម្បីតាមដាន វាយតម្លៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍
(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រជុំពេញអង្គ លើកទី២ ដើមរៀបចំផែនការយុទ្ធសាស្ត្រ នឹងការតាមដាន វាយតម្លៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ដោយផ្តោតលើគោលដៅ ៩៥-៩៥-៩៥ ជាចម្បង ។
កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមវត្តមានឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពី ប្រធានគណៈកម្មាធិការ និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ រាជធានី ខេត្តទាំង២៥ អង្គការអន្តរជាតិ និង អង្គការសង្គមស៊ីវិល សរុបចំនួន ២០៤នាក់ ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ក្រសួង ស្ថាប័ន រាជធានី ខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការ ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញ និងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងគោលបំណង ធានាបាននូវភាពជាម្ចាស់ ក្នុងការរៀបចំយន្តការឆ្លើយតប មេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំផែនការយុទ្ធសាស្ត្រ និងសម្របសម្រួល ការអនុវត្តផែនការសកម្មភាព រួមនឹងការតាមដាន វាយតម្លៃការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ ដោយផ្តោតលើគោលដៅ៩៥-៩៥-៩៥ជាចម្បង។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា យើងបាននិងកំពុងកសាងបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ដោយការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន ជាពិសេស បណ្ដាញអ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។
បន្ទាប់ពីការពិភាក្សា ផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤ បានដាក់ចេញ នូវសេចក្តីសម្រេចចិត្ត ដូចខាងក្រោម៖
១- ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ ជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ ២០២៣២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។
២- ទីស្តីការគណៈរដ្ឋមន្ត្រី និងអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សម្របសម្រួលការអនុវត្តគោលនយោ បាយ ជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣២០២៨ ឱ្យមានប្រសិទ្ធភាពខ្ពស់។
៣- ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវបង្កើនការយល់ដឹង ពីហានិភ័យនៃមេរោគអេដស៍ដល់ប្រជាជនទូទៅ ។
៤- គណៈកម្មាធិការប្រយុទ្ធនឹងអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវខិតខំស្វែងរកអ្នកសង្ស័យថា ផ្ទុកមេរោគអេដស៍ប្រមាណជិត ៧០០០នាក់ ដែលមិនទាន់ដឹងពីស្ថានភាពមេរោគអេដស៍ និងទាក់ទាញពួកគេឱ្យមកធ្វើតេស្តរកមេរោគអេដស៍។
៥- ក្រសួងសុខាភិបាល បន្តកាត់បន្ថយការចម្លង មេរោគអេដស៍ ពីម្តាយទៅកូន ឱ្យធ្លាក់ចុះដល់កម្រិតតិងជាង ៥% ។ ជំរុញបញ្ចូលសេវា ថែទាំជំងឺអេដស៍ ទៅក្នុងប្រព័ន្ធសុខាភិបាលទាំងស្រុង ។ជំរុញមូលដ្ឋានសុខាភិបាលឯកជន ឱ្យផ្តល់របាយការណ៍ ស្តីពីការធ្វើតេស្ត និងព្យាបាលជំងឺអេដស៍ ដើម្បីដាក់បញ្ចូលព័ត៌មាន ក្នុងប្រព័ន្ធទិន្នន័យរបស់ ក្រសួងសុខាភិបាល។
៦- ចំពោះអ្នកផ្ទុកមេរោគអេដស៍ដែលជាអនីតិជន ក្រសួងសុខាភិបាល ត្រូវបង្កើនសេវាថែទាំ និងព្យាបាលជំងឺអេដស៍ ដល់កុមារផ្ទុកមេរោគអេដស៍ ដោយ យកផលប្រយោជន៍របស់ពួកគេជាមូលដ្ឋាន។
៧- គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត ប្រើប្រាស់កញ្ចប់ថវិកាជាតិសម្រាប់ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត និងថវិកាដទៃទៀត ។
៨- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវរៀបចំ បង្កើតក្រុមការងារធានាចីរភាពដែលមានសមាសភាពពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តផែនទី បង្ហាញផ្លូវចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ២០២៣-២០២៩ ៕
ដោយ ៖ វណ្ណលុក