អភិបាលខេត្តកំពង់ចាមអញ្ជើញពិនិត្យការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយ​ទឹកជំនន់នៅស្រុកចំនួនបី

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពី​ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមជា​មួយក្រុមការងារ​ជំនាញ​ពាក់ព័ន្ធអញ្ជើញពិនិត្យការស្ថាបនាស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងការខូចខាតដោយសារទឹកជំនន់ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ ។

សូមជម្រាបថា គម្រោងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអនុវត្ត​មានចំនួន៨គម្រោង ។ក្នុងនេះ ១.គម្រោងផ្លូវ​ដីក្រាល​ក្រួស​ក្រហម១ខ្សែ ប្រវែង ៨០០ម៉ែត្រ ,ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ជួសជុលបន្ទាន់ ដោយមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្ត ។ ២.គម្រោងសាងសង់ស្ពានបេតុង ១កន្លែង មានទំហំ ៣០ គុណនឹង ៨ម៉ែត្រ ស្ថិតនៅភូមិវាលត្រដក់ពង ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ ៣.គម្រោងសាង​សង់ផ្លូវបេតុង និងក្រាលកៅស៊ូ ២ជាន់ ១ខ្សែ ស្ថិតនៅភូមិពព្រេង និងអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ប្រវែង ៦.០០០ម៉ែត្រ ,ទទឹង ៦ម៉ែត្រ ជាគម្រោង (SAABAT) ។ ៤.គម្រោងសាងសង់ផ្លូវកាលបេតុង និងក្រាលកៅស៊ូ ២ជាន់ ១ខ្សែ ស្ថិតនៅភូមិថ្នល់បែក-បុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ប្រវែង១១.៥២០ម៉ែត្រ ,ទទឹង ៦ម៉ែត្រជួសជុលបន្ទាន់ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។៥.គម្រោងផ្លូវបេតុង និងកៅស៊ូ ២ជាន់ ១ខ្សែ ស្ថិតនៅឃុំខ្វិតធំ ព្រៃឈរ និងឃុំបារាយណ៍ ស្រុកព្រៃឈរ មានប្រវែង ៧.៧០០ម៉ែត្រ ,ទទឹង ៦ម៉ែត្រ ជាគម្រោង (CFACV) ។ ៦.គម្រោងជួសជុលផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៣.០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិសន្ទិចកើត សន្ទិចកណ្តាល​និង​ភូមិសន្ទិចលិច ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ។ ៧.គម្រោងជួសជុលផ្លូវDBST ១ខ្សែ ប្រវែង ១១.៣២០ម៉ែត្រ ,ទទឹង ៦ម៉ែត្រ ស្ថិតក្នុង​ឃុំស្វាយទាប ឆ្ពោះទៅឃុំចំការអណ្តូង និងសាងសង់ផ្លូវបេតុងអាមេ ៨០០ម៉ែត្រ,ទទឹង ៦ម៉ែត្រ ស្រុកចំការលើ និង៨.គម្រោង​ជួស​ជុលផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១.៦៥០ម៉ែត្រ,ទទឹង ៥ម៉ែត្រ ,លូកាត់ផ្លូវ ២កន្លែង នៅភូមិបឹងសេកយំ និងភូមិជ្រេស ឃុំព្រៃ​ឈរ ស្រុកព្រៃឈរ ។

ពេលពិនិត្យជាក់ស្តែងឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ហេដ្ឋា​រចនាសម្ព័ន្ធមួយចំនួន បានរងខូចខាតក្នុងកំឡុងពេល​មាន​ទឹកជំនន់​ដូចជាផ្លូវ ស្ពាន នៅក្នុងស្រុកស្ទឹងត្រង់ ។ ជាមួយគ្នានេះ ខាងស្រុក​ចំការលើ និងស្រុកព្រៃឈរ ក៏មានផ្លូវមួយចំនួន បានទទួលរងការខូច​ខាតផងដែរ ។ មកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធ ដែលរងការ​ខូចខាតទាំងនោះកំពុងត្រូវបានស្ថាបនា ស្ដារឡើងវិញ ដោយកន្លែងខ្លះ បានស្ថាបនារួចរាល់ និងចំណុចខ្លះទៀត កំពុងតែបន្តស្ថាបនាឡើងវិញ ។

ឯកឧត្តមអភិបាលខេត្ត បន្តថា នៅចំណុចស្ពានមួយកន្លែង ហៅ​វាលត្រដក់ពង ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដោយស្ពាននោះ កំពុងស្ថាបនា បានសសរស្ទើររួចទាំងស្រុង និងគ្រឹះក្រោមមួយ​ចំនួនទៀត ដែលគម្រោងស្ពានមួយកន្លែង នេះ នឹងអាចសាងសង់រួច​រាល់ នាដំណាច់ឆ្នាំ២០២៤ ខាងមុខនេះ ។

ក្នុងឱកាសនេះដែរឯកឧត្តមអភិបាលខេត្តក៏បានចុះទៅពិនិត្យដំណាំស្រូវ របស់ប្រជាកសិករ នៅស្រុកស្ទឹងត្រង់ ដែលពួកគាត់ ទទួលបាន​ពូជស្រូវ​ពីរាជរដ្ឋាភិបាល ឃើញថា ការដាំដុះរបស់កសិករមាន​ការលូតលាស់ល្អ ៕
ដោយ៖លី ពៅ

ads banner