យុវជនកម្ពុជា និង យុវជនវៀតណាម មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ យុវជនវៀតណាម និង យុវជនកម្ពុជា(ស ស យ ក) មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជានិងកសាងអគារទីស្តីការរបស់ស ស យ ក ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីភាពរឹងមាំរវាងប្រទេសទាំង២កម្ពុជានិងវៀតណាម។

នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តម ង្វៀន មិញជៀត (Nguyen Minh Triet) លេខាគណៈមជ្ឈឹមសហភាពយុវជនកុម្មុយនីស្ត ហូជីមិញ និងជាប្រធានសហភាពនិស្សិតវៀតណាម ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ង្វៀន មិញជៀត លើកឡើងថា៖ យុវជនវៀតណាម និងយុវជនកម្ពុជា(ស ស យ ក) មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជានិងកសាងអគារទីស្តីការរបស់ស ស យ ក ដែលគម្រោងនេះនឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយើងអាចធ្វើកិច្ចការងារនេះឲ្យក្លាយជារូបរាង ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីរឹងមាំរវាងប្រទេសទាំង២ កម្ពុជានិងវៀតណាម។

ឯកឧត្តម ង្វៀន មិញជៀត ក៏បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ភាពរីកចម្រើន នៃទំនាក់ទំនងរវាងយុវជនកម្ពុជានិងយុវជននៃប្រទេសវៀតណាម។

ឯកឧត្តម ង្វៀន មិញជៀត បានបន្តថា៖ ការមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក្រុមយុវជនរបស់វៀតណាម បានពិភាក្សាការងារមួយចំនួនជាមួយយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើននូវភាពរឹងមាំដើរលឿនទៅមុខ។ បន្ថែមពីនេះយើងបានដាក់គោលដៅសហប្រតិបត្តិការថ្នាក់មជ្ឈិម និងបន្តកិច្ចសហប្រតិបត្តិការ នៅថ្នាក់មូលដ្ឋានបន្ថែមទៀត។យុវជនវៀតណាមនិងយុវជនកម្ពុជាបានប្រាស្រ័យទាក់ទងទំនាក់ទំនងគ្នាបានយ៉ាងល្អ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំប្រទេសកម្ពុជា ជាស្រទាប់យុវជនបន្តវេន ដែលមានសមត្ថភាពដែលយើងនឹងបន្តិចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ៖ កម្ពុជានិងប្រទេសវៀតណាមគឺជាអ្នកជិតខាងមានភូមិផងរបងជាមួយគ្នា យើងបានរួមសុខ រួមទុក្ខជាមួយគ្នាជាយូរណាស់មកហើយ។ កម្ពុជាក៏មានប្រវត្តិជួយទៅដល់ប្រទេសវៀតណាម ហើយប្រទេសវៀតណាមក៏មានប្រវត្តិជួយមកដល់កម្ពុជា ដូចគ្នា។ ប្រទេសយើងទាំង២បានរួមសុខទុក្ខជាមួយគ្នា ហើយយើងនឹងបន្តការអភិវឌ្ឍប្រទេសរៀងៗខ្លួន ឲ្យមានការរីកចម្រើនដូចគ្នា ដោយប្រទេសវៀតណាមមានចក្ខុវិស័យ ធ្វើឲ្យប្រទេសរបស់ខ្លួនក្លាយជាប្រទេសអភិវឌ្ឍន៍ ក្លាយជាប្រទេសជាអ្នកមាននៅឆ្នាំ២០៤៥។ ចំណែកឯប្រទេសកម្ពុជាយើងវិញក៏មានចក្ខុវិស័យធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេស អភិវឌ្ឍន៍ ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ។

ឯកឧត្ថមអភិបាលបន្តទៀតថា ថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកនូវអ្វីៗ ល្អជាច្រើនសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីឲ្យយុវជនជំនាន់ក្រោយបន្តទំនាក់ទំនង សហប្រតិបត្តការកាន់តែមានភាពរឹងមាំបន្ថែមទៀត រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមទៅថ្ងៃអនាគត៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner