ប្រទេសធំៗត្រៀមសម្ងែងសព្វាវុធទំនើបៗក្នុងពិព័រណ៌ការពារជាតិវៀតណាម

ហាណូយ ៖ ក្រសួងការពារជាតិវៀតណាមបានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតសព្វាវុធធំៗមកពីប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល ចិន រុស្ស៊ី និងអាមេរិក ត្រៀមសម្ងែងយោធូបករណ៍ទំនើបៗរបស់ពួកគេ នៅក្នុងពិព័រណ៍ការពារជាតិនៅទីក្រុងហាណូយ នៅចុងខែធ្នូ ដែលនេះជាករណីដ៏កម្រដែលគូប្រជែងភូមិសាស្ត្រនយោបាយដាក់តាំងអាវុធរួមគ្នា។ នេះបើតាមការចេញផ្សាយដោយកាសែតរ៉យទ័រ។

ក្រសួងការពារជាតិវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពិព័រណ៍ការពារជាតិដ៏ធំនឹងប្រារព្ធឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៩ដល់២២ ខែធ្នូ ខណៈក្រុមហ៊ុនជិត ២០០ មកពី ២៧ប្រទេសបានកក់ស្តង់រួចហើយ ក្នុងនោះមានទាំងក្រុមហ៊ុនមកពីចិន និងអ៊ីរ៉ង់ ដែលខកខានមិនបានចូលរួមជាលើកដំបូងកាលពីឆ្នាំ ២០២២។

យ៉ាងណា ក្រសួងការពារជាតិវៀតណាមនៅមិនទាន់បញ្ចេញបញ្ជីឈ្មោះក្រុមហ៊ុនចូលរួមជាផ្លូវការនៅឡើយទេ ហើយខ្លួនក៏មិនទាន់ដឹងច្បាស់ ថាតើអាវុធប្រភេទណាខ្លះ ដែលក្រុមហ៊ុនទាំងនោះ នឹងត្រូវយកមកដាក់តាំងបង្ហាញ។

បើតាមក្រសួងការពារជាតិវៀតណាមបានឱ្យដឹងថា មូលហេតុដែលវៀតណាមបង្កើតព្រឹត្តិការណ៍ពិព័រណ៌យោធាអន្តរជាតិនេះ គឺក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញឧស្សាហកម្មផលិតសព្វាវុធក្នុងស្រុក ដែលកំពុងរីកចម្រើន ជាមួយនឹងការផ្ទេរបច្ចេកវិទ្យា និង ស្វែងរកឱកាសនាំចេញទៅក្រៅប្រទេស។

តួយ៉ាង កាលពីពិព័រណ៍ក្នុងឆ្នាំ ២០២២ វៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ៥ ជាមួយក្រុមហ៊ុនការពារជាតិបរទេស។ នេះបើតាមការបញ្ជាក់របស់លោក Le Quang Tuyen អនុប្រធាននាយកដ្ឋានឧស្សាហកម្មការពារជាតិនៃក្រសួងការពារជាតិវៀតណាម។

សូមបញ្ជាក់ថា វៀតណាមដែលគ្រប់គ្រងដោយរបបដឹកនាំកុម្មុយនិស្តជាច្រើនឆ្នាំមកនេះ បានស្វែងរកការធ្វើពិពិធកម្មការផ្គត់ផ្គង់ឧបករណ៍យោធា ដើម្បីកាត់បន្ថយការពឹងផ្អែកជាងមួយទសវត្សរ៍តែទៅលើរុស្ស៊ី និងបានពិភាក្សាអំពីកិច្ចព្រមព្រៀងលទ្ធកម្មដ៏មានសក្តានុពលជាមួយបណ្តាប្រទេសជាច្រើន ក៏ដូចជាព្យាយាមបង្កើនទំនាក់ទំនងការទូតល្អជាមួយមហាអំណាច៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner