ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាម ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាល នៅកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការ កងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងបរិយាកាស ផ្តល់នូវសេវាកម្មកាន់តែប្រសើរដល់សាធារណជនទូទៅ ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សា ការងារជាមួយរូបលោក។ លោកនាយកប្រតិបត្តិ បានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីស្វែង យល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល វិស័យ ធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក និងវិស័យធនាគារជាដើម។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ ស្វែងយល់ និងស្នើ សុំការណែនាំស្តីពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវអាទិភាព និងគោលនយោបាយសុខាភិបាល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាជាតិ ព្រមទាំងបានគូសរំលេចពីយន្តការ លក្ខខណ្ឌ និងវិធានការចាំបាច់នានា របស់ក្រសួងសុខាភិបាល សម្រាប់តម្រង់ទិស និងគាំទ្រដល់ការវិនិយោគផ្នែកឯកជនវិស័យសុខាភិបាលនៅកម្ពុជា សំដៅបម្រើផលប្រយោជន៍ប្រជាជនផង និងការទទួលបានជោគជ័យរបស់ក្រុមហ៊ុនផងដែរ។

លោកនាយក ក្រុមហ៊ុនបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការណែនាំ ចង្អុលបង្ហាញនិងតម្រង់ទិសក្រុមហ៊ុនឱ្យទទួលបាននូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួងសុខាភិបាល ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner