Trump និង Paetongtarn ជួបតាមទូរស័ព្ទសន្យាជួយរដ្ឋាភិបាលគ្នា ទៅវិញទៅមក
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានជួបនិយាយគ្នា តាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក លោក Donald Trump ដោយភាគីទាំងពីរបានបញ្ជាក់ប្រាប់គ្នា ទៅវិញទៅមកថា នឹងជួយគាំទ្ររដ្ឋាភិបាលគ្នា ទៅវិញទៅមក នេះបើតាមការចេញផ្សាយរបស់កាសែត Yahoo កាលពីថ្ងៃអង្គារ។
បើតាមប្រភពដដែល ខុទ្ទកាល័យរបស់លោកស្រី Paetongtarn បានប្រាប់ថា លោកស្រី នាយករដ្ឋមន្រ្តី ទើបតែបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតី លោក Donald Trump ហើយក្នុងអំឡុងពេលសន្ទនា ទាំងលោកស្រី Paetongtarn និង លោក Trump បានសន្យាថា នឹងគាំទ្រដល់រដ្ឋបាល របស់គ្នា ទៅវិញទៅមក។
លោកស្រី Paetongtarn ដែលចូលកាន់តំណែង កាលពីខែកញ្ញា និងជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសថៃ បានរំលឹកឡើងវិញ នូវការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដោយលោកស្រីបញ្ជាក់ថា លោក Trump បានសរសើរការងារ របស់លោកស្រី។ លោក Trump បាននិយាយថា «អ្វីក៏ដោយដែលខ្ញុំអាចធ្វើបាន សូមលោកស្រីប្រាប់ខ្ញុំឱ្យដឹង»។ លោកបាននិយាយថា ប្រទេសថៃគឺជា «ប្រទេសដែលស្រស់ស្អាត ទាំងព្រម» នេះបើយោងតាមវីដេអូនៃការសន្ទនា ដែលអមជាមួយសេចក្តីថ្លែងការណ៍។
ប្រទេសថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់ជាងគេបំផុត របស់ទីក្រុងវ៉ាស៊ីនតោន នៅអាស៊ី និងជាកន្លែងដែលមានវត្តមានការទូតដ៏ធំបំផុតមួយ នៅក្នុងតំបន់។ ប្រទេសទាំងពីរធ្វើសមយុទ្ធយោធារួមគ្នា ជារៀងរាល់ឆ្នាំ និងចូលរួមក្នុងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការជាច្រើន រួមទាំង ក្នុងការអនុវត្តច្បាប់ ផងដែរ នេះបើតាម Yahoo៕
ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត