សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើវិស័យអប់រំ គឺជាការ​វិនិយោគលើអនាគត

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់សរុប ៨៣៣៩នាក់ ( ស្រី ៤៤០១នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧អង្គ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា ការវិនិយោគលើវិស័យអប់រំ គឺជាគោលដៅអាទិភាព និងសារសំខាន់ណាស់របស់រាជរដ្ឋាភិបាល ក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការវិនិយោគលើវិស័យអប់រំ គឺជាការបណ្តុះទស្សនៈវិជ្ជមាន និងផ្តល់មូលដ្ឋានគ្រឹះសម្រាប់និស្សិតផ្ទាល់ផង និងជាកត្តារួមចំណែកយ៉ាងសំខាន់សម្រាប់អភិវឌ្ឍប្រទេសផងដែរ។” ក្នុងន័យនេះ ចំណេះដឹង គឺជាអំណាចធំធេងណាស់ ព្រោះចំណេះដឹងអាច​ឱ្យយើងមានសមត្ថភាពក្នុងភាពម្ចាស់ការ និងឯករាជ្យ៖ ១/ ការធ្វើសេចក្តីសម្រេចចិត្ត និងការកំណត់អនាគតរបស់ខ្លួន ២/ ការពង្រីកសមត្ថភាពដើម្បីចាប់យកឱកាស ពង្រីកឱកាស និងបង្កើតឱកាស និង៣/ ជាមូលដ្ឋានសម្រាប់ប្រទេសក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគិន។

សម្តេច បន្តថា មូលដ្ឋានសម្រាប់អភិវឌ្ឍន៍ប្រទេសឱ្យកាន់តែទំនើប និងប្រកួត​ប្រជែង ពីព្រោះសភាពការណ៍ពិភពលោកដើរលឿនណាស់ មិនថា ការប្រកួត​ប្រជែងពាណិជ្ជកម្ម សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ជាពិសេសការ​ប្រកួត​ប្រជែងកាន់តែលឿនជាងនេះ ។ ដូចនេះ ប្រទេសនីមួយៗ ត្រូវមានសមត្ថភា​ពប្រកួតប្រជែង ដើម្បីទាក់ទាញអ្នកវិនិយោគ​ឱ្យបានកាន់តែច្រើន ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់ដល់និស្សិត និងអង្គពិធីបន្ថែម​ផងដែរថា ការរក្សាបានទស្សនៈវិជ្ជមាន គឺជាជំហានឈានទៅចាប់យកអាជីព និង ជីវិតវិជ្ជមាន ។ ក្នុងន័យនេះ ការដាក់គោលដៅវិជ្ជមានរបស់ប្អូនៗនិស្សិត ទើបអាចបញ្ចប់ការសិក្សាដោយជោគជ័យថ្ងៃនេះ ហើយការបញ្ចប់ការសិក្សា​ថ្ងៃនេះ គឺនឹងអាចទទួលបានលទ្ធផលវិជ្ជមានតាមការរំពឹងទុក ទៅថ្ងៃអនាគត ។

សម្តេចធិបតី បានធ្វើការអបអរសាទរនូវភាពជោគជ័យថ្ងៃនេះ ទៅដល់ភាគីសំ​ខាន់ៗដូចជា ៖ និស្សិតជ័យលាភីផ្ទាល់, ឪពុកម្តាយ និង អាណាព្យាបាល ដែល​ទទួលបានកិត្តិយស និងធនធានមនុស្សសម្រាប់គ្រួសារ, សាស្ត្រាចារ្យ បុគ្គលិក​អប់រំ គណៈគ្រប់គ្រង និងគ្រឹះស្ថានអប់រំ ដែលអាចបណ្តុះបណ្តាលធនធាន​មនុស្ស​​បន្ថែមជូនប្រទេសជាតិ។ ជាពិសេស គឺអបអរសាទរដល់កម្ពុជា ដែល​ទទួលបានធនធានមនុស្ស ប្រកបដោយបញ្ញាញាណ និងជាគ្រឹះក្នុងការជួយ​អភិវឌ្ឍសង្គមជាតិឱ្យកាន់តែល្អប្រសើរ និងសម្រេចគោលដៅ នៃការអភិវឌ្ឍ​ប្រកបដោយចេរភាព ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ក្រុមការងារ និង ក្រុមយុវជនស្ម័គ្រចិត្ត ដែលបាន​រួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយភាពជោគជ័យ, សុខសុវត្តិភាព និង​ភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ព្រមទាំង ភ្ញៀវជាតិ និង​អន្តរ​ជាតិ​ផងដែរ ។

សម្តេច បានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យទេសចរណ៍ ដែលទទួលបាន​ការ​កើនឡើង ទោះបីជាមានការចុះផ្សាយព័ត៌មានអវិជ្ជមាន ឬមិនពិតពីកម្ពុជា ក្តី ក៏ចំនួនភ្ញៀវទេសចរ និងភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរ គឺបាន​បង្ហាញ​ច្បាស់ពីការជឿទុកចិត្ត និងបញ្ជាក់យ៉ាងច្បាស់អំពីសុខសុវត្ថិភាព និង​ស្ថេរភាពរបស់កម្ពុជា ដែលអាចឱ្យពួកគាត់មកកំសាន្តប្រកបដោយ​ស្នាមញញឹម និង ភាពកក់ក្តៅ ។ អ្វីដែលមិនអាចបំភ្លេចបាន ក្រសួងទេស​ចរណ៍ និងមន្ត្រី​ដែលពាក់ព័ន្ធ ជាពិសេស បងប្អូនប្រជាជនខ្មែរ រួមទាំងអ្នកដែល​មានប្រជា​ប្រិយភាពលើបណ្តាញសង្គម (Social Influencer) ក៏បានដើរតួនាទី​យ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍, ទីកន្លែងទាក់ទាញ និងការពិតរបស់កម្ពុជា ដែលជាកត្តាជំរុញយ៉ាងសំខាន់ក្នុងការ​ផ្សព្វផ្សាយ​ភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោកផង និងកម្ពុជាខ្លួនឯងផង និងបានធ្វើឱ្យភ្ញៀវទេសចរកើនឡើង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner