យូអិន ៖ ជិត ៤០ភាគរយនៃជនភៀសខ្លួន ៣.៤លាននាក់នៅមីយ៉ាន់ម៉ា គឺជាកុមារ

ណៃពិដោ ៖ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ UNICEF បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កុមារមានចំនួនជិត ៤០ភាគរយនៃប្រជាជនជាង ៣.៤លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្លាស់ទីលំនៅដោយសារសង្គ្រាមស៊ីវិល និងការប្រែប្រួលអាកាសធាតុ។

នាយកប្រតិបត្តិរងរបស់អង្គការ UNICEF លោក Ted Chaiban បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ាកំពុងឈានដល់ចំណុចកំពូល ដោយសារការកើនឡើងជម្លោះ និងការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យកុមារ និងគ្រួសារពួកគេ ស្ថិតក្នុងហានិភ័យដែលមិនធ្លាប់មានពីមុនមក។

លោក Chaiban បន្ថែមថា ការប្រយុទ្ធគ្នា និងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ ដូចជាព្យុះទីហ្វុង Yagi បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កុមារ ដោយធ្វើឱ្យពួកគេផ្លាស់ទីលំនៅ ព្រមទាំងងាយរងគ្រោះជាមួយអំពើហិង្សា និងកាត់ផ្តាច់ពីការថែទាំសុខភាព និងការអប់រំ។

បើតាមការបញ្ជាក់របស់លោក Chaiban យ៉ាងហោចណាស់មានកុមារចំនួន ៦៥០នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២៤នេះ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សានស៊ូជី ក្នុងឆ្នាំ ២០២១ ហើយបានបើកការបង្ក្រាបដែលបង្កឱ្យមានការបះបោរប្រដាប់អាវុធប្រឆាំងនឹងការគ្រប់គ្រងរបស់របបយោធា។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏ត្រូវបានវាយលុកដោយព្យុះទីហ្វុង Yagi ក្នុងខែកញ្ញាផងដែរ ដែលបង្កជាទឹកជំនន់ដ៏ធំ សម្លាប់មនុស្សជាង ៤០០នាក់ និងបង្ខំមនុស្សរាប់សែននាក់ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner