សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបញ្ឈប់ចេញអាជ្ញាបណ្ណ ឱ្យបើករោងចក្រផលិតស្រាបៀរថ្មីទៀតហើយ

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសសម្រេចបញ្ឈប់ ការផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរ សម្រាប់ការចែកចាយនៅក្នុងស្រុក ប៉ុន្ដែបើផលិតសម្រាប់ការនាំចេញ ទើបរាជរដ្ឋាភិបាល អនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណ ។ ការប្រកាសបែបនេះរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរ៉ែ និងថាមពល ។

សម្ដេចបវរធិបតី បានប្រសាសន៍ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ៧ហើយ កំពុងផលិតស្រាបៀរ ដើម្បីចែកចាយក្នុងស្រុក ដូច្នេះមិនតម្រូវឲ្យមានក្រុមហ៊ុន ផលិតចែកចាយក្នុងស្រុកបន្ថែមទៀតនោះទេ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ឥលូវ Licence (អាជ្ញាប័ណ្ណ) ផលិតស្រាបៀរឈប់ឲ្យហើយ បច្ចុប្បន្នមាន៧ហើយ។ បើធ្វើនាំចេញក្រៅប្រទេស ខ្ញុំឲ្យ តែបើធ្វើក្នុងស្រុក ខ្ញុំមិនឲ្យទៀតទេ ខ្ញុំសូមបញ្ជាក់ឲ្យហើយ ក្រែងមានអ្នកចង់ធ្វើ ។

សម្ដេច បានសង្កត់ធ្ងន់ថា ការឆ្លើយបដិសេធ របស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញសំណើរបស់វិស័យឯកជន ដើម្បីជួយតម្រង់ទិស និងផ្ដល់យោបល់ជូនវិស័យឯកជន ខណៈទីផ្សារនេះ មិនតម្រូវឲ្យមានបន្ថែមទៀតឡើយ ។

ក្រៅពីរោងចក្រផលិតស្រាបៀរ ដើម្បីចែកចាយក្នុងស្រុក ហើយនោះ ត្រង់ចំណុចនេះ សម្ដេធិបតី ហ៊ុន ម៉ាណែត បានអះអាងដែរថា ចំពោះរាល់គម្រោងវិនិយោគផ្សេងៗ ដែលមានចំនួនច្រើន ហើយបញ្ហាទីផ្សារមានកំណត់ ក៏រាជរដ្ឋាភិបាល មិនអនុញ្ញាតទៀតនោះដែរ ដើម្បីទុកឱកាសឲ្យអ្នកដែលទទួលបានអាជ្ញាប័ណ្ណពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន ផ្គត់ផ្គង់ទីផ្សារនៅពេលបច្ចុប្បន្ន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner