រថភ្លើងល្បឿនលឿននឹងវ៉ាដាច់យន្តហោះ ក្លាយជាជម្រើសធ្វើដំណើរពេញនិយមបំផុតនៅវៀតណាម
ហាណូយ : សំណើសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភាគខាងជើង និងភាគខាងត្បូង ជាមួយនឹងការប្រកួតប្រជែង ទាំងពេលវេលា និងតម្លៃសំបុត្រ នឹងក្លាយជាជម្រើសធ្វើដំណើរពេញនិយមបំផុតនៅវៀតណាម បើធៀបនឹងការធ្វើដំណើរតាមផ្លូវអាកាស ឡានក្រុង និងរថភ្លើងប្រពៃណី។ នេះបើតាមការចេញផ្សាយសារព័ត៌មាន VNExpress។
ក្រសួងដឹកជញ្ជូនវៀតណាមបានប្រកាសថ្មីៗនេះថា សំណើសាងសង់ផ្លូវដែកនេះ នឹងអភិវឌ្ឍឡើងដោយប្រើមូលនិធិ និងបច្ចេកវិទ្យាក្នុងស្រុក ដើម្បីធានាបាននូវការគ្រប់គ្រងកាន់តែប្រសើរឡើង ទៅលើការសាងសង់ ការផ្ទេរបច្ចេកវិទ្យា និងប្រតិបត្តិការរយៈពេលវែង។ គម្រោងខ្នាតយក្សរបស់វៀតណាមនេះ ត្រូវបានរំពឹងថា នឹងចំណាយថវិកាប្រហែល ៦៧.៣៤ពាន់លានដុល្លារ។
គម្រោងសាងសង់ផ្លូវដែកដែលបានស្នើឡើងនេះ នឹងលាតសន្ធឹងក្នុងប្រវែង ១,៥៤១គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត និងក្រុងចំនួន២០។ ជាមួយនឹងការរចនាបម្រើដល់ការធ្វើដំណើរក្នុងល្បឿន ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង គម្រោងនេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញមកត្រឹមជាង ៥ម៉ោង លឿនជាងរថភ្លើងប្រពៃណីចំនួន ៦ដង។
រីឯតម្លៃសំបុត្រធ្វើដំណើរ គឺចាប់ពី៦៧ដុល្លារដល់២៧១ដុល្លារ ពោលគឺប្រហែល ៧៥% បើធៀបនឹងតម្លៃសំបុត្រយន្តហោះ។ ផ្លូវរថភ្លើងល្បឿនលឿនភាគខាងជើង និងភាគខាងត្បូងដែលបានស្នើឡើងនេះ ត្រូវបានគេចាត់ទុកថា ជាការផ្លាស់ប្តូរដ៏ធំមួយ សម្រាប់ការធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ដោយវាបានផ្តល់នូវជម្រើសដ៏លឿន ប្រកបដោយផាសុកភាព និងសន្សំសំចៃលុយ បើធៀបនឹងការធ្វើដំណើរតាមផ្លូវអាកាស៕
ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា