សម្តេចតេជោ ហ៊ុន សែន ផ្ដាំទៅបណ្តាប្រទេសបិតាប្រជាធិបតេយ្យ កុំសាងកំហុសជាថ្មីលើកម្ពុជា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅបណ្តាប្រទេសបិតាប្រជាធិបតេយ្យ សូមកុំសាងកំហុសជាលើកទី៣ លើកម្ពុជា បន្ទាប់ពីសាងកំហុសទី១ គឺគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ និងទី២ គាំទ្រកៅអីរបស់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានលើកឡើងដូច្នេះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំមិនដែលភ្លេចនោះទេ ក្នុងការរំលឹកប្រទេស ដែលហៅខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ កុំឲ្យសាងកំហុសលើកទី៣ មកលើកម្ពុជា, លើកទី១ នៅពេលដែលគេគាំទ្រ លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០ បន្ទាប់មកកំហុសទី២ របស់ពួកគេ គឺទទួលស្គាល់ខ្មែរក្រហម ហើយអនុញ្ញាតឲ្យរបបនេះ កាន់កាប់អសនៈនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ ។
ក្នុងនាមប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ សម្តេចតេជោ បានលើកឡើងពីចក្ខុវិស័យរបស់សម្ដេច លើសន្ដិភាពនៅក្នុងតំបន់ និងសាកលវិញ កម្ពុជាពិតជាជឿជាក់យ៉ាងមុតមាំ លើការថែរក្សាឲ្យបាន នូវសណ្ដាប់ធ្នាប់អន្ដរជាតិ ដោយផ្អែកលើបទដ្ឋាន ដែលទទួលស្គាល់ជាសាកល ។ សម្តេច ថា ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្ដិការ ដែលផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក, ការជឿទុកចិត្ដគ្នាទៅវិញទៅមក, ការយោគយល់គ្នា និងការផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក គឺជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការធានាឲ្យបានថា សាមគ្គីភាពអន្ដរជាតិ ភាពសុខដមរមនា និងសន្ដិសហវិជ្ជមាន រវាងប្រជាជាតិ និងប្រជាជាតិ ដែលយើងត្រូវថែរក្សា ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិភពលោករបស់យើង ពឹងអាស្រ័យលើទំនាក់ទំនងគ្នា ទៅវិញទៅមក ហើយសម្ដេចជឿជាក់ដែលថា សន្ដិភាព និងសន្ដិសុខ ក៏ដូច្នេះដែរ។ នៅត្រង់ចំណុចនេះ សម្តេចតេជោ បានថ្លែងថា ថ្នាក់ដឹកនាំរដ្ឋាភិបាល រួមទាំងមេដឹកនាំគណបក្សនយោបាយគ្រប់រូប មិនគួរមើលរំលងតម្លៃនៃសន្ដិភាពនោះទេ យើងត្រូវខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកមូលដ្ឋានរួម ជាចំណុចចាប់ផ្ដើម មុននឹងឈានចូលដល់តុចរាចារ ក្នុងគោលបំណងបង្រួបភាពខុសគ្នារបស់យើង, បន្ធូរបន្ថយភាពតាងតឹង និងដោះស្រាយ ជំនួសដោយសន្ដិវិធី ៕
ដោយ ៖ វណ្ណលុក