ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា គាំទ្រការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជា «ក្រុមភេរវកម្ម»
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា គាំទ្រនិងជំរុញឱ្យរដ្ឋសភា ឬរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអ្នកច្បាប់ បង្កើតសេចក្តីព្រៀងច្បាប់ ឬសេចក្តីស្នើច្បាប់ណាមួយជាបន្ទាន់ ដើម្បីបង្កើតច្បាប់ដាក់ពួកក្រុមនយោបាយជ្រុលនិយមដែលកំពុងតែរត់ចោលស្រុក ដាក់ជាក្រុមភេរវករ គឺជាការសមរម្យបំផុត ដើម្បីទប់ស្កាត់ ដើម្បីការពារនៅសុខសន្តិភាពរបស់កម្ពុជាកុំឱ្យបំផ្លាញដោយសារពួកនេះ។
លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងថា ចំពោះច្បាប់សម្រាប់ដើម្បីដាក់ក្រុមប្រឆាំងជ្រុលនិយមនៅក្នុងបញ្ញីជាក្រុមភេរវកម្មនេះ ខ្ញុំយល់ឃើញថា វាមិនត្រឹមតែដល់ពេលទេ វាថែមទាំងអាចហួសពេលបន្តិចផង ប៉ុន្តែយើងនៅតែអាចធ្វើបាន ពីព្រោះការអំណត់អត់ធ្មត់ និងការអាធ្យាស្រ័យដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាខ្មែរដូចគ្នា លោកតែងតែមានការសន្តោសប្រោសប្រណៃចំពោះខ្មែរគ្រប់និន្នាការទាំងអស់ ដោយយល់ឃើញថា ខ្មែរទាំងអស់យើងអាចរួបរួមសាមគ្គីគ្នា ដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ដើម្បីថែរក្សាសមិទ្ធផលអភិវឌ្ឍរបស់ប្រទេសជាតិឱ្យវានៅស្ថិតស្ថេរ ហើយមានប្រយោជន៍ និងមានផលយូរអង្វែងជាអមតៈសម្រាប់កូនខ្មែរតទៅជំនាន់ក្រោយទៀត។ ក៏ប៉ុន្តែសម្រាប់ក្រុមប្រឆាំងដែលជ្រុលនិយមរត់ចោលស្រុកនេះ ពួកគេមិនដែលយល់អំពីគោលនយោបាយបង្រួបបង្រួមជាតិ ដើម្បីសន្តិភាពសដើម្បីសុវត្ថិភាព ដើម្បីសេចក្តីសុខ និងការអភិវឌ្ឍប្រទេសជាតិដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងតស៊ូគ្រប់យ៉ាងលះបង់គ្រប់យ៉ាងនាំយកមកឱ្យប្រជាជន និងប្រទេសជាតិកម្ពុជាទេ។ ម្តងហើយម្តងទៀត គេបានកគ្លើនបំពានលើច្បាប់កម្ពុជាដែលមានបានរំលោភច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិ។ គេបានប្រមាថមើលងាយអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់កម្ពុជា។ គេបានប្រមាថដល់មេដឹកនាំឥស្សរជនរបស់កម្ពុជា ជាពិសេសគឺជាលក្ខណៈបុគ្គល និងគ្រួសារ គឺសំដៅទៅលើគ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាញឹកញាប់ ហើយតែងយកបញ្ហាទាំងអស់នេះយកមកដុតរោលក្នុងសង្គមកម្ពុជាធ្វើយ៉ាងម៉េច គឺឱ្យប្រជាពលរដ្ឋឆេះកំហឹងខឹងស្អប់ក្រុមគ្រួសាររបស់សម្តេចតេជោ និងប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ដូច្នេះសរុបសេចក្តីទៅ គឺពួកគេអត់ខុសពីអ្វីអំពីពួកខ្មែរក្រហមទេ ខ្មែរក្រហមដែលបានដកខ្លួនទៅពីការបោះឆ្នោតឆ្នាំ១៩៩៣ មិនគោរពកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ មិនគោរពអាជ្ញាធរអង្គការសហប្រជាជាតិ មិនគោរពនូវខ្លឹមសារហត្ថលេខាដែលខ្លួនចុះនៅកិច្ចព្រមព្រៀងដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
លោកបានបន្តថា ក្រុមពួកនយោបាយជ្រុលនិយមដែលររ់ចោលស្រុកនេះ គឹជាពួកដែលមានចរិតនយោបាយដូចពួកខ្មែរក្រហមសុទ្ធសាធដែលចង់ឱ្យតែប្រទេសជាតិកម្ពុជាយើង គឺជោគជាំដោយសង្រ្គាមឆេះឈួលឆាបឡើងវិញ ហើយមិនចង់ឱ្យប្រទេសជាតិមានសន្តិសុខ មានសន្តិភាព មានសន្តិសុខបរិបូណ៌ មានការអភិវឌ្ឍជឿនលឿនទេ អ៊ីចឹងហើយបានជាគេបង្កបង្កើតនូវចលនាចលាចលនៅខាងក្រៅស្រុក ហើយឃោសនាប្រឌិតរឿងគ្រប់សព្វបែបយ៉ាងដើម្បីយកបញ្ជ្រាបយកមកឃោសនា កុហកភូតភូតភរប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅក្រោមដំបូលសន្តិភាព។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ បានបញ្ជាក់ថា “ដោយសារតែពួកនេះ មានចរិតមិនខុសពីខ្មែរក្រហមនៅក្នុងទសវត្សនៅឆ្នាំ១៩៩០ រដ្ឋសភាកម្ពុជាអាចបង្កើតច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់បាន។ ឥឡូវនេះ នៅឆ្នាំ២០២៤ ២០២៥ ខាងមុខនេះ ក៏រដ្ឋសភាកម្ពុជាយើងអាចបង្កើតច្បាប់ដាក់ក្រុមពួកដែលធ្វើនយោបាយជ្រុលនិយមនេះ ដាក់ទៅក្នុងបញ្ជីក្រុមភេរវកម្មប្រឆាំងមនុស្សជាតិ បានដូចគ្នាដែរ។ ខ្ញុំគាំទ្រនូវជំហរដ៏ម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាល គាំទ្រនៅការគិតគូរដ៏ជ្រៅជ្រះវែងឆ្ងាយរបស់ថ្នាក់ដឹកនាំកម្ពុជាគ្រប់ជំនាន់ រួមទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងជំរុញឱ្យរដ្ឋសភា ក្រុមអ្នកច្បាប់ពិចារណាឱ្យបានកាន់តែឆាប់ បង្កើតឱ្យកាន់តែលឿនបំផុត ដើម្បីដាក់ក្រុមប្រឆាំងជ្រុលនិយមដែលមានគំនិតធ្វើនយោបាយដុតបញ្ជេះសង្គ្រាម បញ្ជេះជម្លោះ បង្កើតបង្ករឿងអសន្តិសុខ បំផ្លាញសន្តិភាពកម្ពុជាដាក់ទៅជាក្រុមភេរវកម្មក្នុងបញ្ជីភេរវកម្ម ដើម្បីកុំឱ្យក្រុមនេះ អាចប្រើប្រាស់នៅនយោបាយ ឬឥទ្ធិពលណាមួយមកភូតភរប្រជាជនកម្ពុជា ឬកុំឱ្យអន្តរជាតិអាចមានទំនាក់ទំនងជាមួយក្រុមដែលធ្វើនយោបាយជ្រុលនិយមនេះបាន ពីព្រោះកម្ពុជានៅក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន លោកបានដឹកនាំឈ្នះនូវនយោបាយរបស់ពួកខ្មែរក្រហម បានរំលាយចោលទាំងស្រុងនូវក្បាលម៉ាស៊ីនដឹកនាំនយោបាយ និងយោធារបស់ខ្មែរក្រហម ទោះបីជាពួកនេះមានមោទនភាព និងមានអំនួតដកខ្លួនចេញពីការបោះឆ្នោតឆ្នាំ១៩៩៣ ហើយអន្តរជាតិមិនអាចធ្វើអ្វីបានពេលនោះ ក៏ប៉ុន្តែសម្តេចតេជោ គឺបានជំរុញដាក់បង្កើតច្បាប់ដាក់ខ្មែរក្រហមនៅក្រៅច្បាប់រួចមក គឺដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ បំបែកកម្លាំងក្បាលម៉ាស៊ីននយោបាយ និងក្បាល់ម៉ាស៊ីនយោធារបស់ខ្មែរក្រហម បង្រួបបង្រួមកម្ពុជាឱ្យក្លាយទៅជារដ្ឋសន្តិភាព ដែលមានឯករាជ្យភាព ជាប្រទេសមួយមានរដ្ឋាភិបាលតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយ គោរពច្បាប់រដ្ឋាមនុញ្ញតែមួយ និងរស់នៅក្រោមម្លប់អង្គព្រះមហាក្សត្រតែមួយអង្គ។
អីចឹងយើងអត់ត្រូវការក្រុមពួកអ្នកនយោបាយជ្រុលនិយម ដែលធ្វើនយោបាយគឃ្លើនម្តងហើយម្តងទៀត រំលោភបំពានច្បាប់កំពូល ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ប្រមាថមើលងាយអង្គព្រះមហាក្សត្ររបស់កម្ពុជា ប្រមាថមើលងាយអាយុជីវិតរបស់ឥស្សរជនអ្នកមានគុណជាវីរជនជាតិរបស់កម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព សេរីភាព ប្រជាធិបយតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបោះឆ្នោតយ៉ាងទៀងទាត់ ហើយនឹងនាំមកនូវការអភិវឌ្ឍសម្រាប់សង្គមជាតិរបស់យើង ដែលពួកនេះតែងតែប្រមាថមើលងាយម្តងហើយម្តងទៀតទេ”។
លោក សួន សេរីរដ្ឋា បានអះអាងថា ក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា គាំទ្រនិងជំរុញឱ្យរដ្ឋសភា ឬរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអ្នកច្បាប់ អាចបង្កើតសេចក្តីព្រៀងច្បាប់ ឬសេចក្តីស្នើច្បាប់ណាមួយជាបន្ទាន់ ដើម្បីបង្កើតច្បាប់ដាក់ពួកក្រុមនយោបាយជ្រុលនិយម ដែលកំពុងតែរត់ចោលស្រុក ដែលកំពុងតែសេះសល់នៅមួយដំបរស្វាក្រៅស្រុក ហើយបង្កចលាចលគ្រប់បែបយ៉ាងបំពាននូវអ្វីជាការពិតនៅក្នុងកម្ពុជានេះ គឺដាក់ជាក្រុមភេរវករ គឺជាការសមរម្យបំផុត ដើម្បីទប់ស្កាត់ដើម្បីការពារនៅសុខសន្តិភាពរបស់កម្ពុជាយើងកុំអោយបំផ្លាញដោយសារពួកនេះ៕
ដោយ៖ពលជ័យ