សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖ ១/ សម្រាប់អ្នកដែលទិញលំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ គឺត្រូវលើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥ និង២/ សម្រាប់អ្នកទិញលំនៅឋានលើកទី១ ដែលមានតម្លៃក្រោម២១ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃអង្គារ ទី២៦ វិច្ឆិកា ២០២៤ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ក្នុងការសង្គ្រោះ និងលើកកម្ពស់វិស័យសំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក៏ដូចជាជួយដល់ប្រជាជនដែលជាម្ចាស់អចលនទ្រព្យក្នុងបុរី និងត្រៀមជាម្ចាស់អចលនទ្រព្យថ្មីក្នុងបុរី៖ ១/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាសលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីនិងមានតម្លៃក្រោម ៧ម៉ឺនដុល្លារ និង២/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី សម្រាប់ម្ចាស់អចលនទ្រព្យក្នុងបុរីដែលជាអ្នកទិញលើកដំបូង និងមានតម្លៃក្រោម២១ម៉ឺនដុល្លារ។
ជាមួយគ្នា សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសថានឹងមិនមានការកែសម្រួល ព្រំដីនៃបឹងទន្លេសាបទៀតនោះទេ ដោយមិនមានការកែប្រែតំបន់៣ មកតំបន់ ២ ព្រោះការបោះបង្គោលព្រំដីបឹងទន្លេសាប គឺបានសម្រេចរួចរាល់ ១០០% ដោយសម្រេចតម្កល់ការការពារបឹងទន្លេសាបជាការបម្រើផលប្រយោជន៍ប្រជាជនជាង១៧លាននាក់, ការពារបរិស្ថាន, ការពារប្រព័ន្ធអេកូឡូស៊ី និង ជីវចម្រុះសម្រាប់កម្ពុជា។ ជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលប្រើប្រាស់ដីក្នុងតំបន់ ២ គឺត្រូវគោរពតាមក្រឹត្យក្រមដែលបានកំណត់ និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការបង្កហានិភ័យដល់ជីវចម្រុះ។
មុននឹងបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសផងដែរថា រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការការពារតំបន់៤០០គីឡូម៉ែត្រការ៉េ នៃតំបន់រមនីយដ្ឋានអង្គរ តាមរយៈការ៖ ១/ ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងរក្សាឱ្យបានអត្តសញ្ញាណជាខ្មែរជាអាទិភាព ដោយបានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ស្ថាបត្យកម្ម និងវិនិយោគិន ត្រូវរៀបចំការគ្រប់គ្រងការសាងសង់ឱ្យបានស្របតាមការរចនាបថខ្មែរ គ្រប់គ្រងរូបភាពខាងក្រៅ និងអនុញ្ញាតឱ្យមានការធ្វើទំនើបកម្ម និងទាន់សម័យ ដោយត្រូវកំណត់ផែនការសម្រាប់រៀបចំភូមិក្នុងរយៈពេល៥០ឆ្នាំមុខ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗ ទាំង៥ របស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបាននាពេលកន្លងមក ព្រមទាំងការតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយម។ ក្នុងនោះសមរភូមិទាំង ៥រួមមាន៖ ១/ ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ, ២/ ការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គម, ៣/ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ, ៤/ ការងាររៀបចំដែនដី និងនគរូបនីយកម្ម និង ៥/ ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារបន្តលើសមរភូមិការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ឡុង ដេវីត