កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៤ ជំរុញឱ្យមានថាមពលនៃកិច្ចសហការដើម្បីផលវិជ្ជមាន

ភ្នំពេញ ៖ កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា២០២៤ (CAMESCO24) ត្រូវបានរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ មកពីបណ្តាស្ថាប័នប្រមាណជិត ១០០ស្ថាប័ន។

ប្រធានបទរបស់ម្មវិធីសន្និសីទ CAMESCO24 គឺ “ថាមពលនៃ កិច្ចសហការដើម្បីផលវិជ្ជមាន” ដែលជាកិច្ចសហការ និងទទួលបានការគាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពសំខាន់មួយ ដែលបានសហការអនុវត្តដោយសហគ្រិនខ្មែរ (KE) និងអង្គការស្វីសខន់ថាក់ (SC)។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “សហគ្រិនខ្មែរបានកសាង និងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ និងស្វែងរកសក្តានុពលដែលមិនទាន់ប្រើប្រាស់អស់ពីលទ្ធភាព ដើម្បីបង្កើតជាឱកាសនិងបង្កើនសក្តានុពល សម្រាប់ជួយដល់ សហគ្រាសធុនតូច និងមធ្យម ធុរកិច្ចបង្កើតថ្មី យុវជន គំនិតច្នៃប្រឌិត និងក្តីសង្ឃឹមរបស់ពួកគេ។ សហគ្រិនខ្មែរដើរតួជាកាតាលីករជំរុញកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជួយពន្លឿនដល់ដំណើរការនៃការ ប្រែក្លាយគំនិតទាំងនោះឲ្យក្លាយទៅជាសកម្មភាពដែលអាចធ្វើបានប្រកបដោយប្រសិទ្ធិភាព ដែលទាក់ទាញវិនិយោគិនក្នុងតំបន់បន្ថែម ឲ្យចាប់យកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា”។

ឯកឧត្តមបណ្ឌិតបន្ថែមថា កម្មវិធីសនិ្នសីទ CAMESCO24 មានគោលបំណងបន្តពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈ ការរំលេចអំពីសកម្មភាពដែលបានបំពេញមួយឆ្នាំ រួមមាន៖ កម្មវិធីជួបជុំ១ថ្ងៃដើម្បីសហគ្រិន (Give A Day) កម្មវិធីកិច្ចប្រជុំបណ្តាញអ្នកកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព (Ecosystem Builder Network) និងសកម្មភាពពង្រឹងប្រព័ន្ធអេកូឡូស៊ីមួយចំនួនថែមទៀត។ កិច្ចខិតខំប្រឹងប្រែងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្ត ទុកដាក់ក្នុងការជំរុញនវានុវត្តន៍ និងកិច្ចសហការនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ កម្មវិធីសន្និសីទ ប្រចាំឆ្នាំនេះ ជំរុញទៅលើការលើកកម្ពស់ការវិនិយោគផលវិជ្ជមាន និងការកៀរគរថវិកាបន្ថែមចូលទៅក្នុងប្រព័ន្ធ អេកូឡូស៊ីដែលផ្តោតទៅលើសង្គម និងបរិស្ថាន។

លោក Daniel Nugraha នាយកប្រចាំប្រទេសនៃអង្គការស្វីសខន់ថាក់ បានមានប្រសាសន៍ថា “អង្គការស្វីសខន់ថាក់ និងសហគ្រិនខ្មែរ ពិតជាមានមោទកភាពជាខ្លាំងដែលឃើញកម្មវិធីសន្នីសិទCAMESCO24 វិវត្តន៍ទៅជាវេទិកាដ៏សំខាន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បានបង្ហាញឱ្យឃើញពីថាមពលនៃភាពជាដៃគូក្នុងការជំរុញឱ្យមានផលវិជ្ជមានពិតប្រាកដ។ យើងទាំងអស់គ្នាសង្ឃឹមថា អ្នកចូលរួមទាំងអស់បានទទួលចំណេះដឹងដ៏មានតម្លៃពីកិច្ចពិភាក្សា ក៏ដូចជាបន្សល់ទុកនូវស្មារតីបំផុសគំនិតដើម្បី បន្តជំរុញនវានុវត្តន៍ និងការរីកចម្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ី។”

គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២៤ កម្មវិធីសន្និសីទមានប្រធានបទចំនួនពីរ៖ ប្រធានបទទី១ “ផ្តោតលើការបង្កើន ថាមពលដើម្បីកសាងសេដ្ឋកិច្ចដែលមានផលវិជ្ជមាន” និងប្រធានបទទី២ “ផ្តោតទៅលើការបង្កើនថាមពលដើម្បី ជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព”។ ជាលទ្ធផលក្រុមប្រឹក្សាវិនិយោគ ត្រូវបានប្រកាស អាចតម្រង់ទិស និងផ្តល់ យោបល់ជូនវិនិយោគិនក្នុងតំបន់ដែលចង់ធ្វើការវិនិយោគដើម្បីផលវិជ្ជមាននៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner