សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយប្រធានសភា នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភានៃប្រទេស​អេមីរ៉ាតអារ៉ាប់​រួម នៅវិមានរដ្ឋសភា រដ្ឋធានីអាប៊ុយដាប៊ី នៅល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធាន Saqr Ghobash បានសម្តែងនូវការ​ស្វាគមន៍​យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងក្តីរីករាយដែលសម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ឯកឧត្តម បានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេច នាពេលនេះ នឹងពង្រឹង និងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តម បានលើកឡើងថា ឯកឧត្តម ដឹងពីប្រវត្តិសាស្ត្រកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និង សោកនាដកម្ម។ ឯកឧត្តម សូមវាយតម្លៃដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចប្រឹងប្រែងរបស់ សម្តេច ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីសន្តិភាពជូនកម្ពុជា។

ឯកឧត្តម បន្តថា ប្រទេសយើងទាំងពីរបានចុះកិច្ចព្រមព្រៀង​ពាណិជកម្ម​សេរី (FTA)។ អ្វីដែលសំខាន់ គឺធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះក្លាយ​ជាការពិត។ រដ្ឋសភាអេមីរ៉ាតអារ៉ាប់រួម អាចដើរតួនាទីសំខាន់ក្នុង​កិច្ចការ​នេះ។ ជាក់ស្តែង រដ្ឋសភារបស់ឯកឧត្តម បានបង្កើតក្រុមមិត្តភាពសភា អេមីរ៉ាតអារ៉ាប់រួម និងកម្ពុជា។ ឯកឧត្តមបានស្នើថា ប្រសិនជាសម្តេចតេជា ឯកភាព រដ្ឋសភារបស់ឯកឧត្តម អាចរៀបចំ និង ចុះហត្ថលេខាលើ MoU ជាមួយកម្ពុជា។

នៅក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តប្រធាន​សភា ចំពោះការអញ្ជើញ និង បដិសណ្ឋាកិច្ច សម្តេច និង គណៈប្រតិភូ យ៉ាងកក់ក្តៅ។ សម្តេច បានចាត់ទុកថា កិច្ចសន្ទនានាពេលនោះ បានឆ្លុះបញ្ចាំងសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី។
សម្តេច ក៏បានអរគុណ ឯកឧត្តមប្រធានសភា ផងដែលបានរំលឹកពីពលិកម្ម​របស់សម្តេច ទាក់ទងនឹងអតីតកាល ប្រវត្តិ និង ការលំបាកដែលបានឆ្លង​កាត់ ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា។ សម្តេច បានបន្ថែមថា ការចាកចេញរបស់សម្តេច ពីតំណែងនាយករដ្ឋមន្ត្រី ជាង១ឆ្នាំកន្លងទៅនេះ ដើម្បីឱ្យអ្នកបន្តវេណកាន់អំណាច គឺជាការលះបង់របស់សម្តេច ប្តូរនឹងសន្តិភាព និងស្ថិរភាពរយៈពេលវែង។

សម្តេច បានវាយតម្លៃខ្ពស់ និង អរគុណចំពោះតួនាទីសកម្ម​របស់សភាអេមីរ៉ាតអារ៉ាប់រួម នៅក្នុងភាពជោគជ័យនៃមហាសន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា កន្លងទៅ ដែលបានអនុញ្ញាតឱ្យមានការអនុម័ត ធម្មនុញ្ញសន្តិភាពសកល ដើម្បីប្រជាជន និងភពផែនដី។

សម្តេចតេជោ សំដែងនូវក្តីពេញចិត្ត ចំពោះគុណភាពនៃ​ទំនាក់ទំនង​ទ្វេភាគី។ សម្តេចបានបន្តថា កម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម បានចុះកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និង មានសក្តានុពលធំធេង​សម្រាប់​ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទោះនៅឆ្ងាយពី​គ្នា​បន្តិចក៏ដោយ។

សម្តេចតេជោ បានរលឹកថា នៅក្នុងពេលចុះហត្ថលេខា FTA សម្តេចតេជោ ពេលនោះជានាយករដ្ឋមន្ត្រី បានស្នើរដ្ឋមន្ត្រីពាណិជ្ជកម្មអេមីរ៉ាត ឱ្យពិនិត្យ​លទ្ធភាពជំរុញវិនិយោគនៅកម្ពុជា នៅក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ ជាពិសេស អង្ករ គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនទៀត ដើម្បីនាំចេញ​ទៅប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និង​ពិភព​លោក។ ផ្អែកលើបទពិសោធនយោបាយដ៏យូរជាង៤៥ឆ្នាំ សម្តេចតេ​ជោ យល់ច្បាស់ពីម៉ាក្រូសេដ្ឋកិច្ច និង សារៈសំខាន់ក្នុងការមានដៃគូពាណិជ្ជ​កម្មច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយកម្ពុជា ត្រូវរក្សាសន្តិភាព​ឱ្យរឹងមាំ។

សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ​ឈូងសមុទ្រ (GCC) និង អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំក្នុងតំបន់ និងអន្តរជាតិ។ ទន្ទឹងនឹងពេលដែលសហភាពអឺរ៉ុប (EU) កំពុងចរចា FTA ជាមួយអាស៊ាន ការចរចា FTA រវាង អាស៊ាន និង GCC គួរត្រូវពន្លឿន និងបញ្ចប់ឱ្យបានឆាប់។ ការចរចារវាងGCC និង អាស៊ាន មានភាពងាយ​ស្រួល ដោយសារគ្មានដាក់លក្ខខណ្ឌទុកជាមុន ហើយអង្គការតំបន់ទាំងពីរ ស្ថិតនៅក្នុងតំបន់អាស៊ីដូចគ្នា។ ប្រទេសសមាជិកអាស៊ាន មានប្រជាជន ជិត៧០០លាននាក់ ហើយប្រទេសសមាជិក GCC ក៏មានច្រើនដែរ។ អង្គការនីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរ គួរជំរុញរាជរដ្ឋាភិបាលឱ្យធ្វើ​ការងារនេះ។

សម្តេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានផ្លាស់ប្តូរយោបល់ និងទស្សនៈផងដែរ លើស្ថានការណ៍ និងបញ្ហាតំបន់។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញ ឯកឧត្តមប្រធានរដ្ឋ​សភាអេមីរ៉ាតអារ៉ាប់រួម មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តមប្រធានរដ្ឋសភា សូមអរគុណ និងទទួលដោយក្តីរីករាយនូវ​ការអញ្ជើញរបស់ សម្តេចតេជោ ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របខាងមុខ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner