សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធីបុណ្យសមុទ្រ លើកទី១១ នៅខេត្តកំពត
(ខេត្តកំពត)៖ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើង ដោយឈរលើគោល ការណ៍ នៃការឆ្លាស់វេនគ្នា នៅខេត្តតំបន់ឆ្នេរទាំង៤ គឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្ត កែប ។ ឆ្នាំនេះ ខេត្តកំពត គឺធ្វើជាម្ចាស់ ផ្ទះ បន្ទាប់ពីខេត្តកែប កាលពីឆ្នាំមុន ។ ទន្ទឹមនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យសមុទ្រលើកទី១១ នាព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។
រាជរដ្ឋាភិបាល រៀបចំពិធីបុណ្យសមុទ្រ ក្នុងគោលបំណងធំ គឺដើម្បីរួមគ្នា អភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ ទេសចរណ៍ប្រកបដោយចិរភាព និងការទទួល ខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍ តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។
សំរាប់ឆ្នាំ២០២៤នេះ គោលបំណងធំ របស់ក្រសួងទេសចរណ៍ និង ខេត្តសាមី គឺចង់ផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍ តំបន់ឆ្នេរសមុទ្រ កម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាព ជាពិសេសការពង្រឹង និង លើកកម្ពស់ គុណភាពសេវាកម្មនានា ក្នុងឧស្សាហកម្មទេសចរណ៍ ។
សម្ដេចធិបតី បានសម្ដែងការអបអរសាទរចំពោះ សមិទ្ធផលថ្មីៗ ក្នុង ខេត្តកំពតនិងសមិទ្ធផលធំៗជាច្រើន ទាក់ទងវិស័យទេសចរណ៍ ការ សម្ពោធកំពង់ផែពហុបំណងកំពត ដែលជាផែទឹកជ្រៅ ជំរុញវិស័យ ឧស្សាហកម្ម និងទេសចរណ៍ ជាពិសេស នៅក្នុងឆ្នាំ២០២៤នេះ ខេត្តកំពត បានសម្ពោធឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នូវកំពង់ផែទេសចរណ៍អន្តរជាតិបន្ថែមទៀត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទេសចរណ៍ ជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ។ សម្តេច បានថ្លែងអំណរគុណដល់ស្ថាប័នដែលពាក់ព័ន្ធ ប្រជាពលរដ្ឋនៅខេត្តកំពត ដែលបានរួមគ្នារៀបចំ ព្រឹត្តិការណ៍បុណ្យសមុទ្របានល្អ ជាការជំរុញទេសចរណ៍ ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា សុខសន្តិភាព និងសុវត្ថិភាព បានធ្វើឱ្យទេសចរ ទាំងជាតិ និងអន្តរជាតិ បានដើរលេងកម្សាន្តនៅកម្ពុជាគ្រប់ទីកន្លែងទាំងអស់ និងគ្រប់រដូវកាលមិនថា រដូវប្រាំង ឬ រដូវវស្សា នោះឡើយ។ សម្ដេច ថា ការមកជួបជុំគ្នា រៀបចំពិធីបុណ្យសមុទ្រ និងការមកដើរលេងកំសាន្ត រៀបចំតាំងពិពណ៌នៅផលិតផលជាច្រើននាពេលនេះ គឺបង្ហាញពីផលនៃសន្តិភាព ដែលយើងបានខិតខំ កសាងសន្តិភាពនេះដោយលំបាក ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព ។
សម្តេចធិបតី បានបង្ហាញក្ដីសង្ឃឹមថា ប្រជាពលរដ្ឋ ទេសចរណ៍ ធ្វើដំណើរមកលេងបុណ្យសមុទ្រច្រើន នៅខេត្តកំពត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ