ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាចាំបាច់ សម្រាប់ប្រជាពលរដ្ឋ ធុរកិច្ច និងរដ្ឋាភិបាល
(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាចាំបាច់ សម្រាប់ប្រជាពលរដ្ឋ ធុរកិច្ច និងរដ្ឋាភិបាល។ ឯកឧត្តមបន្តថា បទពិសោធន៍នេះ មិនត្រឹម តែបង្ហាញពីសក្តានុពលនៃសេវាឌីជីថលប៉ុណ្ណោះទេ ថែមទាំងជម្រុញកម្ពុជា ដើម្បីវិវឌ្ឍន៍ឆ្ពោះទៅរកយុគ្គសម័យសេដ្ឋកិច្ច និងសង្គមឌីជីថលផងដែរ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងបែបនេះ ក្នុង “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១” ក្រោមមូលបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” ដែលជាព្រឹត្តិការណ៍អមក្នុងកំឡុង “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ផងដែរ។ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក្រសួងបានខិតខំជម្រុញធ្វើយ៉ាណាឲ្យកិច្ចការបវិវត្តកម្មឌីជីថលនេះបានទទួលជោគជ័យ ដោយ ចំណុចទី១ សំខាន់ ដែលក្រសួងកំពុងតែខិតខំប្រឹងប្រែង គឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលសំខាន់ផ្តោតទៅលើសេវាទូរស័ព្ទ និងសេវាអ៊ិនធឺណិត ទី២ក្រសួងបានខិតខំរៀបចំអភិបាលកិច្ច គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ និងចំណុចទី៣ រដ្ឋាភិបាលឌីជីថល ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីធ្វើឲ្យរដ្ឋាភិបាលមួយក្លាយជារដ្ឋាភិបាលឌីជីថលបាន យើងមានគណៈកម្មការរដ្ឋាភិបាលឌីជីថល ដែលមានរូមផ្ទាល់ជាអ្នកដឹកនាំសម្របសម្រួល និងមានការចូលរួមពីគ្រប់ក្រសួងស្ថាប័នទាំងអស់។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍បញ្ជាក់ដែរថា ដំណើរការ នៃការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងមូលដ្ឋានសម្រាប់ពាណិជ្ជកម្មសកល តាំងពីឆ្នាំ២០០០មក កម្ពុជាបានចាប់ផ្តើមដំណើរការបរិវត្តកម្មឌីជីថលដ៏គួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការជម្រុញឲ្យមានការចាប់យកបច្ចេកវិទ្យាឌីជីថលជាបន្ទាន់ ដោយការប្រាស្រ័យទាក់ទងផ្ទាល់ ត្រូវបានកាត់បន្ថយឲ្យនៅជាអប្បរមា។
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានគូសបញ្ជាក់ថា “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១” ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១. លើកកម្ពស់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលកម្ពុជា (ទាំងក្របខណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងអក្ខរកម្មឌីជីថល) ២. ការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលក្នុងស្រុក/ផលិតផលកម្ពុជា ពិសេសការជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសកល តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬបច្ចេកវិទ្យាឌីជីថល និង ៣. ការពង្រឹងសមត្ថភាព និងការចូលរួមរបស់វិស័យឯកជន និងភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលកម្ពុជា។
លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់បន្តថា នៅក្នុងវេទិកា ក៏មានរៀបចំនូវកិច្ចពិភាក្សា ដែលមានវាគ្មិនចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ និងក្រុមហ៊ុនល្បីៗ លើប្រធានបទសំខាន់ៗដូចជា ពាណិជ្ជកម្មឌីជីថល, រាជរដ្ឋាភិបាលឌីជីថល, បញ្ញាសិប្បនិម្មិត, កិច្ចការពារអ្នកប្រើប្រាស់ និងសញ្ញាសម្គាល់ការជឿទុកចិត្តសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា, ការការពារទិន្នន័យនិងឯកជនភាព និងប្រធានបទពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ព្រមទាំងកិច្ចពិភាក្សារបស់យុវជនអំពីអនាគតនៃ AI ក្នុងពាណិជ្ជកម្មឌីជីថល នៅកម្ពុជា និងការរៀបចំពិព័រណ៍អនឡាញតាំងបង្ហាញនូវផលិតផលខ្មែរជាច្រើន តាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល CambodiaTrade.com ផងដែរ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា