ទីស្នាក់ការគណបក្សឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
(កំពង់ធំ)៖ ទីស្នាក់ការគណបក្សឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកជំទាវ ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក ។
លោកជំទាវ ជា សិរី បានថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះសមាជិក-សមាជិកា គណបក្សគ្រប់រូបទាំងអស់នៃខេត្តកំពង់ធំ ពិសេស ឃុំបឹងល្វា ដែលបានបំពេញភារកិច្ចចូលរួមចំណែកបម្រើគណបក្ស និងប្រទេសជាតិ និងបន្តស្មារតីសាមគ្គី លះបង់ និងប្រឹងប្រែងជាប្រពៃណី ដែលជាកត្តាគន្លឹះធ្វើឱ្យគណបក្សរបស់យើងទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ក្រោមម្លប់សុខសន្តិភាព ដែលថ្នាក់ដឹកនាំរបស់គណបក្សយើង រកបានមកដោយលំបាក ដោយយកអាយុជីវិតធ្វើជាដើមទុនដើម្បីប្តូរយកសន្តិភាព សេរីភាព និងអាយុជិវីតរបស់ប្រជាជន ។
ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់បានលើកឡើងថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយសន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ជា សិរី ។
លោកជំទាវ បានលើកឡើងថា ចាប់តាំងពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្ស ប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នា រំដោះប្រជាជាតិឱ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារ សមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។
លោកជំទាវ បានមានប្រសាសន៍ទៀតថា រយៈពេលជាង ៤៥ឆ្នាំក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត មកនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ ដោយមិនរត់ចោលប្រជាជន រួមសុខរួមទុក្ខ យកប្រជាជនជាធំ ទើបសម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន ដូចសព្វថ្ងៃនេះ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត