ប្រគល់ពានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ជូនខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ខេត្តស្ទឹងត្រែង ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទប្រកាស ពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្រោមវត្តមានឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជន ។ខេត្តភាគឦសានមួយនេះ បានក្លាយជាខេត្តទី១៤ ក្នុងចំណោមរាជធានី ខេត្តចំនួន២៥ ជាខេត្តបញ្ចប់ការបន្ទោបង់ដោយគ្មានបង្គន់អនាម័យ។
ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ក្នុងឱកាសអញ្ជើញទទួលពានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បានគូសរំលេចថា សមិទ្ធផលនេះបានកើតឡើងពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងការតាំងចិត្ត ការបេ្តជ្ញាចិត្តរួមគ្នារបស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ដោយសហការគ្នាយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ ពីវិស័យឯកជន ។និយាយរួមគឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។
ថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកត់សម្គាល់ភាពរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តស្ទឹងត្រែងសម្រេចបាន ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។ ជាក់ស្ដែង ការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត ។
ឯកឧត្ដមរដ្ឋមន្រ្ដីក៏មិនភ្លេចបញ្ជាក់លើចំណុចសំខាន់ជាស្នូលគឺ“សុខសន្តិភាព”ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងក្រោមការបន្តវេនដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ឯកឧត្តមបញ្ជាក់ថា មានសន្តិភាព ទើបមានអ្វីៗទាំងអស់។
សូមរំលឹកថា ខេត្តស្ទឹងត្រែងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ចំនួន២៩ ៩៥៨ខ្នងផ្ទះ ស្មើ១០០ភាគរយ។ក្នុងនេះផ្ទះប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនចំនួន២៨ ០៧៧ខ្នងផ្ទះ ស្មើនឹង ៩៣,៧២ភាគរយ និងខ្នងផ្ទះប្រើបង្គន់អនាម័យរួ ចំនួន ១ ៨៨១ខ្នងផ្ទះ ស្មើ នឹង ៦,២៨ភាគរយ ៕
ដោយ៖ ដេង ម៉ាវិន